ព័ត៌មានជាតិ

ក្រសួងបរិស្ថាន​ បាននិងកំពុងពង្រឹងការអនុវត្តច្បាប់ ពង្រីកគម្របបៃតង និងអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន​ ដើម្បីការពារ​ អភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព

image

កំពង់ស្ពឺ៖​ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន​ បានឱ្យដឹងថា​ ក្រសួងបរិស្ថាន​ បាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះ​ និងដាំបន្លែឱ្យបានច្រើន នៅតាមថ្នាលបណ្តុះកូនឈើជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង និងរួមសាមគ្គីគ្នាបង្កើនសន្តិសុខស្បៀង ជួយគាំទ្រដល់វីរកង័ព ជនភៀសសឹក និងជីវភាពសហគមន៍។ ការលើកឡើងដូចនេះ នៅក្នុងការផ្សព្វផ្សាយចំណេះដឹងបង្កើនភាពបៃតង នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ខ្វៃ អាទិត្យា បានបបន្ថែមថា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញចលនាដាំដុះកូនឈើចម្រុះនិងបន្លែបង្ការ នៅតាមថ្នាលបណ្តុះកូនឈើ ដើម្បីអ្នកចូលរួមបានបន្តយកចំណេះដឹង ទៅចូលរួមដាំដុះកូនឈើ និងបន្លែបង្ការ នៅតាមសាលារៀន វត្តអារាម និងនៅតាមសហគមន៍ ដែលមិនត្រឹមតែចូលរួមបង្កើនគម្របបៃតងនៅកម្ពុជា និងបម្រើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព និងជួយដល់ពលរដ្ឋភៀសសឹកផង និងការគាំទ្រវីរកងទ័ពជូរមុខដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដី។
ទន្ទឹមនេះក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ​ ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ និងសហគមន៍មូលដ្ឋាន ក្នុងន័យទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដោយពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ក្រសួងបរិស្ថានបានជំរុញពង្រីកគម្របបៃតងនៅកម្ពុជា តាមរយៈការជំរុញការបណ្តុះ និងចែកជូនកូនឈើយកទៅដាំដោយឥតគិតថ្លៃជាច្រើនលានដើម ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងប្រទេស។ ទន្ទឹមនឹងនេះ យុទ្ធសាស្រ្តចម្បងទៀត គឺការអភិវឌ្ឍលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ តំបន់កាពារធម្មជាតិ តាមរយៈការរៀបចំគោលដៅលម្ហែបៃតង ដែលកន្លងមកបាននិងកំពុងអនុវត្តនៅតំបន់ភ្នំខ្នងផ្សារ ភ្នំគូលែន គីរីរម្យ និងទេទឹកពុះ និងនៅតាមតំបន់សហគមន៍មួយចំនួនទៀត ដែលយុទ្ធសាស្រ្តនេះ បានជួយកែប្រែទម្លាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកជាអ្នកផ្តល់សេវាទេសចរណ៍ ដោយបង្រៀនសហគមន៍តំបន់ការពារឱ្យក្លាយទៅជាពាណិជ្ជករ សហគ្រិនភាព និងអាចបង្កើនចំណូលពៅសេកម្មនៃគោលដៅលម្ហែបៃតងជាដើម។ ទាំងនេះជាការអភិវឌ្ឍនៅហ្នឹងកន្លែង ដែលផ្តល់ភាពជាម្ចាស់ដល់ប្រជាសហគមន៍ សមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
សូមបញ្ជាក់ថា​ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីបញ្រ្ជាបចំណេះដឹង លើភាពបៃតងជាមួយប្រជាពលរដ្ឋ មកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន ៧ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
លោក ច័ន្ទថេត ថានុរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការជំរុញចលនាបង្កើនគម្របបៃតង បានធ្វើឡើងជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបណ្តុះការស្រឡាញ់ព្រៃឈើ សត្វព្រៃ ជំរុញឲ្យមានការការពារធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព និងចូលរួមចំណែកក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាននៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងលើដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពាននាពេលកន្លងទៅ៕