ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ​ ប្តេជ្ញាបោសសម្អាត​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់នៅបំណាច់ខែកុម្ភៈ​ នេះ

image

ភ្នំពេញ៖​ នៅដំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញ​ ត្រូវតែបោសសម្អាត​ និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់​ លោកឧបនាយករដ្ឋមន្ត្រី​ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់នៅត្រឹមពាក់កណ្តាលខែមីនា​ ឆ្នាំ២០២៦។ នេះជាការលើកឡើងដោយ​ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៦​។

លោក​ ឃួង ស្រេង​ បានបញ្ជាក់ច្បាស់ថា​ តាមអនុសាសន៌ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ ត្រូវធ្វើការបោសសម្អាត​ និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចព័ណស មិនមែនប្រផេះ​ ឬខ្មៅទេ។

លោក​ ឃួង ស្រេង បានបន្តទៀតថា​ តាមផែនការរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរ​ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់បោសសម្អាត​ និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនា​ ឆ្នាំ២០២៦។ ដូចនេះកងកម្លាំងនរគបាល​ និងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាត​ និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថាដល់ខែមីនា ត្រូវតែស្អាត។

លោក​ ឃួង ស្រេង បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញបានបង្កើតក្រុមការងារបោសសម្អាត​ និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះចំនួន៦ក្រុម ដូច្នេះស្នើឱ្យក្រុមទាំង៦ ចុះអនុវត្តការងារព្រមៗគ្នាតែម្តង នៅតំបន់ណាដែលត្រូវអនុវត្ត។ ក្រោយតំបន់នោះសម្អាតអស់ហើយ ទើបបន្តទៅតំបន់មួយទៀត សំដៅធ្វើយ៉ាងណា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែស្អាតនៅបំណាច់ខែកុម្ភៈនេះ។

លោក​ ឃួង ស្រេង ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ត្រូវម្ចាស់ការក្នុងការបោសសម្អាត​ និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទ​ និងគ្រឿងញៀនផងដែរ ពោលគឺ​ ត្រូវអនុវត្តគោលនយោបាយភូមិ សង្កាត់​ មានសុវត្ថិភាពឱ្យបានល្អ។​ ក្រោយបេសកម្មនៃការបោសសម្អាត​ និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះអស់ពីរាជធានីភ្នំពេញហើយ រាល់ការផ្ទេរ លក់ ជួលទីតាំង ខុនដូរ អាផាតម៉ិនផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដាច់ខាតត្រូវតែមានលិខិតស្នាមពីអាជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕