ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជា និងអង្គការហេឡែន ខេលល័រ អន្តរជាតិ បេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen Keller International) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Shawn Baker អនុប្រធានអង្គការហេឡែន ខេលល័រ អន្តរជាតិ ប្រចាំទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ក្នុងឱកាសជំនួបនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងសុខាភិបាល និងអង្គការហេឡែន ខេលល័រ អន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ។

លោកវេជ្ជបណ្ឌិត Shawn Baker បានជម្រាបជូនអំពីបេសកកម្មរបស់អង្គការការហេឡែន ខេលល័រ អន្តរជាតិ គឺជួយសង្គ្រោះ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនងាយរងគ្រោះទូទាំងពិភពលោក តាមរយៈការការពារ និងប្រយុទ្ធប្រឆាំងផលវិបាកដែលបណ្តាលមកពីភាពពិការភ្នែក សុខភាពមិនល្អ និងកង្វះអាហារូបត្ថម្ភ ដោយអនុវត្តគម្រោងអន្តរាគមន៍ផ្អែកលើភស្តុតាង និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ដើម្បីសម្រេចបាននូវ បេសកកម្មនេះ អង្គការការហេឡែន ខេលល័រ អន្តរជាតិ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលនានា ក្នុងការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍកម្មវិធីអន្តរាគមន៍ទ្រង់ទ្រាយធំ ដែលមាននិរន្តរភាព និងភាពធន់ខ្ពស់ ដើម្បីផ្តល់សេវាការពារ និងព្យាបាលសុខភាពភ្នែក និងបញ្ហាកង្វះអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព។

ជាទិសដៅបន្ត លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងស្នើឱ្យអង្គការការហេឡែន ខេលល័រ អន្តរជាតិ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅជាមួយអង្គភាពជំនាញសំខាន់ៗ នៃក្រសួងសុខាភិបាល រួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នាយកដ្ឋានការពារសុខភាព និងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។

ជំនួបនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ