រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ការវាយប្រហាររបស់អាម៉េរិកលើអ៊ីរ៉ង់ កើតឡើងដោយសារតែផែនការរបស់អ៊ីស្រាអ៊ែល
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) អះអាងថា ការសម្រេចចិត្តវាយប្រហាររបស់សហរដ្ឋអាម៉េរិកទៅលើអ៊ីរ៉ង់ ធ្វើឡើងដោយសារតែផែនការវាយប្រហាររបស់អ៊ីស្រាអ៊ែល។ លោកបានប្រាប់អ្នកសារព័ត៌មានកាលពីដើមសប្ដាហ៍នេះថា អាម៉េរិកដឹងជាមុនថាអ៊ីស្រាអ៊ែលនឹងវាយប្រហារអ៊ីរ៉ង់ ហើយអ៊ីរ៉ង់នឹងសងសឹកមកលើកងទ័ពអាម៉េរិកវិញ ដូច្នេះហើយអាម៉េរិកបានសម្រេចចិត្តវាយប្រហារជាមុន ដើម្បីការពារខ្លួនពីការគំរាមកំហែង និងកាត់បន្ថយការបាត់បង់អាយុជីវិតកាន់តែច្រើន ។
លោក Rubio បញ្ជាក់ថា គោលដៅនៃការវាយប្រហារនេះ គឺដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែរ និងដ្រូនរបស់អ៊ីរ៉ង់ ហើយលោកសង្ឃឹមថា ប្រជាជនអ៊ីរ៉ង់នឹងអាចទម្លាក់រដ្ឋាភិបាលបច្ចុប្បន្នចោល ដើម្បីបង្កើតអនាគតថ្មី។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអាម៉េរិកបានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលកំពុងរស់នៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាជាង ១០ ប្រទេស ត្រូវចាកចេញជាបន្ទាន់ ព្រោះតែស្ថានការណ៍សន្តិសុខកាន់តែគ្រោះថ្នាក់ ។
ក្នុងពេលជាមួយគ្នា យោធាអាម៉េរិកបញ្ជាក់ថា ទាហានរបស់ខ្លួនចំនួន ៦នាក់បានស្លាប់នៅក្នុងជម្លោះនេះ។ ការលើកឡើងនេះ កើតមានឡើង ក្រោយពេលអ៊ីរ៉ង់បានឆ្លើយតបយ៉ាងខ្លាំងក្លា ដោយប្រើប្រាស់ដ្រូន និងមីស៊ីលវាយប្រហារមកលើមូលដ្ឋានអាម៉េរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអ៊ែល បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមីនី (Ali Khamenei) រួមទាំងមន្ត្រីជាន់ខ្ពស់ និងជនស៊ីវិលជាច្រើននាក់ទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera | រូបភាព៖ Screenshot from VIORY's video/ Getty Images/ [Ehsan/AFP/Middle East Images/Getty Images]/ AP