ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសបិទច្រកសមុទ្រ Hormuz ហើយព្រមានវាយប្រហារលើនាវាទាំងឡាយដែលឆ្លងកាត់ទីនោះ

image

អ៊ីរ៉ង់៖ មន្ត្រីនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃចន្ទថា ច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបានបិទជាផ្លូវការ។ លោក អ៊ីប្រាហ៊ីម ចាបារី (Ebrahim Jabari) ទីប្រឹក្សាជាន់ខ្ពស់របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍ បានព្រមានខ្លាំងៗថា បើសិនមាននាវាណាមួយព្យាយាមឆ្លងកាត់ទីនេះ កងកម្លាំងរបស់យើងនឹងកម្ទេចនាវាទាំងនោះចោលភ្លាមៗ ។

អ៊ីរ៉ង់ចាត់ទុកការវាយប្រហារនេះ ថាជាការសងសឹកចំពោះយុទ្ធនាការទម្លាក់គ្រាប់បែករួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអ៊ែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតុលា អាលី ខាមីនី (Ayatollah Ali Khamenei) និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។ មិនត្រឹមតែបិទផ្លូវសមុទ្រប៉ុណ្ណោះទេ អ៊ីរ៉ង់ថែមទាំងគំរាមវាយប្រហារលើបំពង់បង្ហូរប្រេង ដោយមិនអនុញ្ញាតឱ្យប្រេងមួយតំណក់អាចចេញពីតំបន់នេះបានឡើយ ដោយពួកគេជឿជាក់ថានឹងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល។ ដែលនេះ ទំនងជាមធ្យោបាយមួយដើម្បីដាក់សម្ពាធលើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ។

ការគំរាមកំហែងនេះ បានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក ព្រោះច្រកសមុទ្រ Hormuz គឺជាផ្លូវសរសៃឈាមដ៏សំខាន់ ដែលដឹកជញ្ជូនប្រេងប្រហែល ២០ % នៃប្រេងសរុបនៅលើពិភពលោក។ តម្លៃប្រេង និងឧស្ម័នបានហក់ឡើងថ្លៃយ៉ាងគំហុកភ្លាមៗ ជាពិសេសនៅអឺរ៉ុប និងអាស៊ី ដែលតម្លៃឧស្ម័នកើនឡើងជិត ៥០% បន្ទាប់ពីរោងចក្រឧស្ម័នធំៗនៅកាតាត្រូវបង្ខំចិត្តផ្អាកដំណើរការដោយសារតែការវាយប្រហារ ។

ក្រៅពីច្រកសមុទ្រនេះ រោងចក្រចម្រាញ់ប្រេងដ៏ធំមួយរបស់អារ៉ាប៊ីសាអូឌីតឈ្មោះ រ៉ាស់ ថានូរ៉ា (Ras Tanura) ក៏ត្រូវបានវាយប្រហារដោយដ្រូនផងដែរ។ ដើម្បីឆ្លើយតបនឹងវិបត្តិថាមពលដែលកំពុងកើតមានឡើងនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានប្រកាសថា អាម៉េរិកកំពុងរៀបចំវិធានការបន្ទាន់ជាច្រើន ដើម្បីទប់ស្កាត់កុំឱ្យតម្លៃថាមពលពិភពលោកបន្តកើនឡើងខ្ពស់ខ្លាំងពេក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera | រូបភាព៖ [Information Technician Second Class Ruskin Naval/US Navy via AP on Al Jazeera]/ News 18/ Money Control