ព័ត៌មានអន្តរជាតិ

យោធាអាម៉េរិក អះអាងថា បានបំផ្លាញនាវាអ៊ីរ៉ង់ចំនួន ១១គ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់

image

សហរដ្ឋអាម៉េរិក៖ បញ្ជាការដ្ឋានមជ្ឈិមរបស់អាម៉េរិក ហៅកាត់ថា សេនខម (CENTCOM) កាលពីដើមសប្ដាហ៍នេះ បានប្រកាសថា ខ្លួនបានបំផ្លាញនាវារបស់អ៊ីរ៉ង់ចំនួន ១១គ្រឿងនៅឯឈូងសមុទ្រអូម៉ង់។ អាម៉េរិកអះអាងថា សកម្មភាពនេះធ្វើឡើងដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ ដែលជាកត្តាសំខាន់សម្រាប់សេដ្ឋកិច្ចសកល ដោយចោទប្រកាន់ថាអ៊ីរ៉ង់បានបង្កការរំខាន និងវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រជាច្រើនឆ្នាំមកហើយ ។

ជម្លោះនេះ បានកើនឡើងកម្ដៅខ្លាំងដល់កម្រិតកំពូល បន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអ៊ែលបានធ្វើការវាយប្រហាររួមគ្នាទៅលើគោលដៅយោធាអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ដើម្បីកម្ទេចសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីល និងប្រើដ្រូនវាយប្រហារត្រឡប់ទៅលើអ៊ីស្រាអ៊ែល រួមទាំងមូលដ្ឋានទ័ពអាម៉េរិកនៅតាមបណ្ដាប្រទេសជិតខាងជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា ។

សោកនាដកម្មធំបំផុតរបស់អ៊ីរ៉ង់នៅក្នុងជម្លោះនេះ គឺជាការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមីនី (Ayatollah Ali Khamenei) នៅក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍។ ជុំវិញបញ្ហានេះ មន្ត្រីអ៊ីរ៉ង់បានព្រមានខ្លាំងៗថា នេះគឺជាឧក្រិដ្ឋកម្មដ៏ធំ ហើយពួកគេនឹងសងសឹកវិញយ៉ាងខ្លាំងក្លា ខណៈដែលជម្លោះនេះ កើតឡើងបន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងអាម៉េរិក និងអ៊ីរ៉ង់មិនទទួលបានលទ្ធផលល្អ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video/ News1 via The Financial News