ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ មិនអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ីរ៉ង់ ព្រមទាំងថ្កោលទោសសកម្មភាពយោធានៃគ្រប់ភាគីជម្លោះ

image

អេស្ប៉ាញ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ចេហ្ស (Pedro Sanchez) បានថ្កោលទោសការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែលទៅលើប្រទេសអ៊ីរ៉ង់ ដោយបានហៅការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែលថាជា «ការឈ្លានពានយោធាដែលមិនមានហេតុផលត្រឹមត្រូវ និង មានគ្រោះថ្នាក់» ។
បន្ថែមពីនេះ រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកមិនបានប្រើប្រាស់ និងមិនអាចប្រើប្រាស់មូលដ្ឋានទ័ពរួមគ្នានៅលើទឹកដីអេស្ប៉ាញ ដើម្បីធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់បានឡើយ។ ក្រៅពីការថ្កោលទោសអាម៉េរិក-អ៊ីស្រាអ៊ែល ប្រទេសអេស្ប៉ាញក៏បានថ្កោលទោសការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ទៅលើប្រទេសក្នុងតំបន់ឈូងសមុទ្រផងដែរ ។
រដ្ឋមន្ត្រីការបរទេស លោក ហូសេ ម៉ានូអ៊ែល អាល់បារេស (Jose Manuel Albares) បានបញ្ជាក់កាលពីថ្ងៃចន្ទថា មូលដ្ឋានទ័ពទាំងនោះ មិនត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការនេះទេ ដោយលោកបានសង្កត់ធ្ងន់ថា អេស្ប៉ាញនឹងមិនអនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ព ដូចជាមូលដ្ឋានទ័ពជើងទឹក រ៉ូតា (Rota) និងមូលដ្ឋានទ័ពអាកាសម៉ូរ៉ុន (Morón) ឡើយ (ក្រៅពីកិច្ចព្រមព្រៀងដែលមាន ឬផ្ទុយពីច្បាប់អង្គការសហប្រជាជាតិ) ។
ទោះបីជាមូលដ្ឋានទ័ពទាំងនេះ ប្រើប្រាស់រួមគ្នាជាមួយអាម៉េរិកក៏ដោយ ប៉ុន្តែអេស្ប៉ាញនៅតែជាម្ចាស់អធិបតេយ្យភាពពេញលេញ។ រដ្ឋមន្ត្រីការពារជាតិ លោកស្រី ម៉ាការីតា រ៉ូបល (Margarita Robles) បានបន្ថែមថា មូលដ្ឋានទ័ពទាំងនេះនឹងមិនផ្តល់ការគាំទ្រអ្វីទាំងអស់ លើកលែងតែមានករណីចាំបាច់ផ្នែកមនុស្សធម៌ ។
ដោយឡែក ចក្រភពអង់គ្លេសដែលដំបូងឡើយបដិសេធ ក៏ស្រាប់តែបានយល់ព្រមអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួនសម្រាប់ការការពារខ្លួន បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារតបតវិញមកលើទ្រព្យសម្បត្តិអាម៉េរិក។ ចំណែកបារាំង និងអាល្លឺម៉ង់ ក៏ត្រៀមខ្លួនគាំទ្រដូចអង់គ្លេសដែរ ខណៈមេដឹកនាំទាំងបីប្រទេស បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera | រូបភាព៖ Marcelo del Pozo/Reuters on Al Jazeera/ elindependiente on Microsoft Bing/ Iranian Army via AP on CBN News