ប្ដីប្រពន្ធជនជាតិថៃ ត្រូវបណ្ដេញចេញពីជើងហោះហើររបស់តៃវ៉ាន់ ក្រោយបង្កភាពវឹកវរមុនពេលចេញដំណើរ
ថៃឡង់ដ៍៖ ប្ដីប្រពន្ធជាតិថៃមួយគូ ត្រូវបានបណ្ដេញចេញពីជើងហោះហើរមួយដែលហោះចេញពីតៃវ៉ាន់ទៅកាន់ទីក្រុងបាងកក បន្ទាប់ពីបង្កភាពវឹកវរយ៉ាងខ្លាំងមុនពេលយន្តហោះហោះឡើង។ បុរសជាប្តីបានដើរស្រែកឡូឡា និងប្រើទូរសព្ទថតអ្នកដំណើរដទៃទៀត ដែលបង្ខំឱ្យបុគ្គលិកយន្តហោះ និងអ្នកបើកបរយន្តហោះត្រូវចេញមកអន្តរាគមន៍ដោយនាំពួកគេចុះពីលើយន្តហោះ ក្រោយពីមិនអាចដោះស្រាយបាន ។
ការស៊ើបអង្កេត និងការសាកសួរតាមរយៈសាក្សី បានបង្ហាញថា ពួកគេមានជម្លោះផ្ទៃក្នុងរឿងលុយកាក់តាំងពីមុនពេលឡើងយន្តហោះមកម្ល៉េះ ដោយបុរសជាប្តីមានអាការៈមួម៉ៅ និងផ្លាស់ប្តូរចិត្តចុះឡើងៗមិនដឹងថាតើត្រូវវិលត្រឡប់ទៅផ្ទះវិញឬអត់។ ទង្វើរបស់ពួកគេមិនត្រឹមតែបង្កការរំខានដល់អ្នកដំណើរដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជើងហោះហើរត្រូវយឺតពេលរហូតដល់ ៤០នាទីទៀតផង ។
ហេតុការណ៍នេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្ដាញសង្គម ទីកតុក (TikTok) ដោយមតិមហាជនភាគច្រើន បានរិះគន់យ៉ាងខ្លាំងចំពោះអាកប្បកិរិយាគ្មានសីលធម៌របស់ប្ដីប្រពន្ធជនជាតិថៃខាងលើនេះ ហើយវាក៏បានធ្វើឱ្យប៉ះពាល់ដល់ជាខ្លាំងដល់មុខមាត់អ្នកធ្វើដំណើរជាជនជាតិថៃផ្សេងទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English