ព័ត៌មានជាតិ

លោកស្រីអគ្គលេខាធិការហ្វ្រង់កូហ្វូនី​ ចុះទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជា នៅជំរំភៀសសឹក​ ក្នុងខេត្តសៀមរាប

image

សៀមរាប៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ បានចុះទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦​ ដែលមិនទាន់អាចត្រលប់ទៅផ្ទះសម្បែងវិញបាន​ ដោយសារអំពេីឈ្លានពានរបស់ថៃ​មកលេីអធិបតេយ្យកម្ពុជា​ ដែលបច្ចុប្បន្នកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន ស្ថិតនៅភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ការចុះជួបជនភៀសសឹកម្ពុជានេះ​ ខណៈលោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ​ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំងគណៈប្រតិភូបានប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់បងប្អូនភៀសសឹក ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកនៅក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ។

សូមបញ្ជាក់ថា​ ជនភៀសសឹកដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន មានចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលភៀសសឹកមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាទីតាំងដែលយោធាថៃ ចូលឈ្លានពានដេញពលរដ្ឋខ្មែរស្លូតត្រង់ចេញពីផ្ទះសម្បែង ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន។

សង្គ្រាមឈ្លានរបស់កងទ័ពថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាង ៦០ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង។ ទោះមានកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥​ យ៉ាងណាក្តី រហូតមកដល់ពេលនេះ មានពលរដ្ឋខ្មែរជិត៥ម៉ឺននាក់ទៀត មិនទាន់បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេនៅឡើយទេ។ ក្នុងនោះផ្ទះសម្បែងខ្លះ ត្រូវបានកងទ័ពថៃ ដាក់ទូកុងតឺន័រ និងរាយបន្លាលួសបទយកមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ផ្ទះសម្បែងនោះឡើយ៕