ព័ត៌មានជាតិ

លោកស្រីអគ្គលេខាធិការហ្វ្រង់កូហ្វូនី​ យល់ពីទុក្ខលំបាកជនភៀសសឹកកម្ពុជា​ ដែលលោកស្រីក៏ធ្លាប់ឆ្លងកាត់សង្រ្គាមដូចគ្នានេះដែរ

image

សៀមរាប៖​ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo)​ អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី​ បានបង្ហាញក្ដីអាណិតអាសូរ ចំពោះជនភៀសខ្លួនកម្ពុជាដែលកំពុងស្នាក់នៅជំរំក្នុងវត្តធម្មរង្សី (ហៅវត្តសំពៅលូន) ស្រុកក្រឡាញ់ ខេត្តសៀមរាប។​ ការណ៍នេះដោយសារលោកស្រីក៏ធ្លាប់មានប្រវត្តិឆ្លងកាត់ការលំបាក និងការផ្លាស់ទីដោយសារសង្រ្គាមផ្ទាល់ដូចគ្នានេះដែរ។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលជាជនជាតិ​ រវ៉ាន់ដា​ បានលេីកឡេីងដូចនេះនៅពេលអមដំណើរដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ចុះជួបជនៀសសឹកកម្ពុជា​ នៅថ្ងៃទី៣ ខែមីនា​ ឆ្នាំ២០២៦​។ លោកស្រី បានលេីកឡេីងយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ពីអារម្មណ៍អ្នកទាំងអស់គ្នា​ ខ្ញុំយល់ពីការលំបាករបស់អ្នកទាំងអស់គ្នា...ខ្ញុំបានតាមដានស្ថានការណ៍នៅកម្ពុជា ហើយការចុះជួបរបស់ខ្ញុំពេលនេះ បង្ហាញថា ខ្ញុំមិនភ្លេចការលំបាករបស់ជនភៀសសឹកកម្ពុជា​ឡើយ»។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានទៅចុះជួបជនភៀសសឹកកម្ពុជានេះ​ ខណៈលោកស្រី និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ​ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំងគណៈប្រតិភូបានប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់បងប្អូនភៀសសឹក ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកនៅក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ។

សូមបញ្ជាក់ថា​ ជនភៀសសឹកដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន មានចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលភៀសសឹកមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាទីតាំងដែលយោធាថៃ ចូលឈ្លានពានដេញពលរដ្ឋខ្មែរស្លូតត្រង់ចេញពីផ្ទះសម្បែង ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន៕