ស្ថានទូតអាម៉េរិកនៅប្រទេសហ្សកដានី ជម្លៀសបុគ្គលិកជាបន្ទាន់ ដើម្បីសុវត្ថិភាព
ហ្សកដានី៖ កាលពីដើមសប្ដាហ៍នេះ បុគ្គលិកទាំងអស់នៅឯស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំទីក្រុងអាំម៉ាន (Amman) ប្រទេសហ្សកដានី ត្រូវបានជម្លៀសចេញជាបន្ទាន់ ខណៈមូលហេតុ គឺដោយសារតែមាន «ការគំរាមកំហែង» មួយដែលមិនទាន់មានការបញ្ជាក់លម្អិត ។
តាមរយៈខ្សែវីដេអូបានបង្ហាញពីសកម្មភាពអាជ្ញាធរបិទផ្លូវនៅជុំវិញស្ថានទូត និងមានឮសំឡេងស៊ីរ៉ែនរោទ៍បន្លឺសំឡេងយ៉ាងកងរំពងនៅតំបន់នោះ។ ស្ថានទូតបានប្រកាសនៅលើបណ្តាញសង្គម X ថា ការជម្លៀសនេះធ្វើឡើងដោយសារតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពបុគ្គលិក ។
ឧប្បត្តិហេតុនេះ កើតឡើងក្នុងពេលដែលតំបន់មជ្ឈិមបូព៌ាកំពុងមានភាពតានតឹងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ បានធ្វើការវាយប្រហាររួមគ្នាទៅលើគោលដៅយោធាអ៊ីរ៉ង់ ដោយមានគោលបំណងកម្ទេចសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើការវាយប្រហារដោយមីស៊ីល និងដ្រូនជាច្រើនទៅលើអ៊ីស្រាអ៊ែល រួមទាំងមូលដ្ឋានទ័ពអាម៉េរិកនៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់មជ្ឈិមបូព៌ា ដូចជា អេមីរ៉ាតអារ៉ាប់រួម បារ៉ែន កាតា អ៊ីរ៉ាក់ គុយវ៉ែត និងប្រទេសជាច្រើនទៀត ។
ស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ បានកើតឡើងបន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរចំនួន ៣ជុំ រវាងអាម៉េរិក និងអ៊ីរ៉ង់ នៅទីក្រុងមូស្កាត និងទីក្រុងហ្សឺណែវ មិនទទួលបានលទ្ធផលជាផ្លែផ្កា ដែលធ្វើឱ្យវិបត្តិយោធានៅក្នុងតំបន់នេះ កាន់តែមានភាពស្មុគស្មាញ និងបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់ពិភពលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.