ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន និងតំណាងអ្នកបើកបរម៉ូតូកង់បី និងតាក់ស៊ីតាមប្រព័ន្ធបច្ចេកវិទ្យា (App) ដើម្បីរកដំណោះស្រាយលើការទាមទារ ៥ចំណុច

image

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា បានដឹកនាំកិច្ចប្រជុំសម្របសម្រួល តាមការស្នើសុំរបស់ម្ចាស់សំណើ ដែលជាតំណាងអ្នកបើកបរម៉ូតូកង់បី និងតាក់ស៊ីតាមប្រព័ន្ធ បច្ចេកវិទ្យា (App) ដើម្បីទាមទារឱ្យក្រុមហ៊ុនអ៊ែប (Apps) ទាំងអស់ រួមមាន ក្រុមហ៊ុនហ្គេប (Grab) ផាស់អ៊ែប (PassApp) ថាដា (Tada) រ៉ាវណាវ (WowNow) ម៉ាកស៊ីម (Maxim) និងក្រុមហ៊ុនម៉ូរ (Move) ដើម្បីទាមទារនូវលក្ខខណ្ឌ ចំនួន ៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា លក្ខខណ្ឌទាំង ៥ ដែលបានទាមទារ រួមមាន ១. ស្នើសុំដំឡើងថ្លៃសម្រាប់កង់បី ចាប់ពី ១.២០០រៀល ក្នុងមួយគីឡូម៉ែត្រ ២. ស្នើសុំបញ្ចុះការកាត់កម្រៃជើងសារមកត្រឹម ១២% ៣. ស្នើសុំឱ្យក្រុមហ៊ុនអ៊ែប ទាំងអស់កាត់កម្រៃជើងសារ និងកំណត់តម្លៃស្មើៗគ្នា ៤. ក្នុងករណីមានភ្ញៀវប្តឹង ស្នើសុំក្រុមហ៊ុនទាក់ទងសួរនាំអ្នកបើកបរជាមុនសិន មុនពេលផ្អាក ឬបិទ គណនីរបស់អ្នកបើកបរ។ និង៥. ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានជាក់លាក់អំពីភ្ញៀវ រួមមាន៖ ឈ្មោះពិត លេខទូរស័ព្ទពិត និងរូបថតពិត ដើម្បីងាយស្រួលក្នុងការផ្ទៀងផ្ទាត់។

ក្រោមកិច្ចសម្របសម្រួលប្រកបដោយសុឆន្ទៈ និងស្មារតីយោគយល់ រវាងខ្មែរ និងខ្មែរ និងដើម្បីលើកកម្ពស់ សាមគ្គីភាពជាតិជាធ្លុងតែមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំបន្សំការស្នើសុំ និងលទ្ធភាពដែលក្រុមហ៊ុនអ៊ែបទាំងអស់ អាចផ្តល់ជូន ព្រមទាំងឈានដល់ការឯកភាពគ្នារវាង ភាគីម្ចាស់សំណើ និងក្រុមហ៊ុនទាំងអស់ដូចតទៅ៖

១. តំណាងក្រុមហ៊ុន Tada ក្រុមហ៊ុន Move និងក្រុមហ៊ុន Maxim យល់ព្រមយកកម្រៃជើងសារ ចំនួន ១២% និងថ្លៃដឹកជញ្ជូនគោលចំនួន ១.២០០រៀល ក្នុង១គីឡូម៉ែត្រ។

២. តំណាងអ្នកបើកបរកង់បី និងតាក់ស៊ី បានឯកភាពអនុវត្តតាមគោលការណ៍ដែលក្រុមហ៊ុនអ៊ែប បានកំណត់ក្នុងចំណុចទី១ ខាងលើ។ ធ្វើការផ្សព្វផ្សាយដល់សមាជិកក្រុមអ្នកបើកបរកង់បី និងតាក់ស៊ីទាំងអស់ ឱ្យបានយល់ពីស្មារតីនៃ កិច្ចប្រជុំនេះ និងគោលការណ៍ដែលក្រុមហ៊ុនអ៊ែបបានកំណត់ និងណែនាំដល់អ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងក្រមសីលធម៌អ្នកបើកបរ ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ហាមធ្វើសកម្មភាពបាតុកម្មតវ៉ាខុសច្បាប់ណាមួយជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ ហើយក្នុងករណីអ្នកបើកបរមានបញ្ហាណាមួយ ត្រូវទំនាក់ទំនង និងដោះស្រាយជាមួយក្រុមហ៊ុនដោយសន្តិវិធី។

៣. ករណីនៅពេលមានភ្ញៀវប្តឹងអ្នកបើកបរ ទៅកាន់ក្រុមហ៊ុន អ៊ែប៖ ក្រុមហ៊ុនអ៊ែប ត្រូវស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនីមួយៗឱ្យបានច្បាស់លាស់ មុននឹងឈានដល់ការផ្អាក ឬបិទគណនីអ្នកបើកបរ។
ករណីអ្នកបើកបរប្រព្រឹត្តសកម្មភាពធ្ងន់ធ្ងរពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌលើភ្ញៀវ ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

៤. ក្រុមហ៊ុន អ៊ែប ទាំងអស់ត្រូវរៀបចំជាលាយលក្ខណ៍អក្សរនូវគោលនយោបាយប្រតិបត្តិការអាជីវកម្មបើកបរកង់បី និងតាក់ស៊ី រៀបចំបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកំណត់កម្រៃជើងសារ ថ្លៃដឹកជញ្ជូនគោល ពេលវេលា បើកបរ និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ហើយធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅ កាន់អ្នកបើកបរ។ រៀបចំឱ្យមានក្រុមប្រឹក្សាវិន័យ សម្រាប់ដោះស្រាយរាល់បណ្ដឹងនានា ពាក់ព័ន្ធនឹងភ្ញៀវ និងអ្នកបើកបរ៕