ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ទម្លាក់គ្រាប់បែកជាង ២៥០ គ្រាប់លើអ៊ីរ៉ង់ និងរៀបចំប្រតិបត្តិការជើងគោកនៅលីបង់ ក្រោមហេតុផលសន្តិសុខជាតិ

image

អ៊ីស្រាអ៊ែល៖ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា IDF បានប្រកាសថា ពួកគេកំពុងបន្តការវាយប្រហារយ៉ាងខ្លាំងក្លាលើគោលដៅយោធាជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីបំផ្លាញសមត្ថភាពបាញ់មីស៊ីល និងប្រព័ន្ធការពាររបស់អ៊ីរ៉ង់។ ក្នុងមួយថ្ងៃ យន្តហោះចម្បាំងបានទម្លាក់គ្រាប់យុទ្ធភណ្ឌជាង ២៥០ គ្រាប់ទៅលើគោលដៅសំខាន់ៗ ។

អ៊ីស្រាអែលអះអាងដែរថា យោធារបស់ខ្លួនបានវាយប្រហារទៅលើមជ្ឈមណ្ឌលសន្តិសុខផ្ទៃក្នុង ក្រសួងស៊ើបការណ៍ និងមូលដ្ឋានរបស់កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ ហើយបញ្ជាក់ទៀតថា នឹងបន្តការវាយប្រហាររហូតដល់សម្រេចគោលដៅយោធាទាំងអស់ ។

ក្រៅពីអ៊ីរ៉ង់ ក្រុមហេសបូឡាហ៍ក្នុងប្រទេសលីបង់ឯណោះវិញ ក៏បានបាញ់វាយប្រហារមកលើអ៊ីស្រាអ៊ែលដែរ ដែលនាំឱ្យអ៊ីស្រាអែលបានធ្វើការឆ្លើយតបដោយវាយប្រហារទៅលើគោលដៅជាច្រើននៅក្នុងប្រទេសលីបង់ ហើយបានប្រកាសថា បានសម្លាប់មន្ត្រីសំខាន់ម្នាក់របស់ក្រុមហេសបូឡាហ៍ ។

ជុំវិញសំណួរអំពីលទ្ធភាពនៃប្រតិបត្តិការតាមផ្លូវគោកចូលទៅកាន់ប្រទេសលីបង់ អ្នកនាំពាក្យ IDF បានផ្ដល់ចម្លើយថា «គ្រប់ជម្រើសទាំងអស់សុទ្ធតែស្ថិតនៅលើតុ» ។ ការលើកឡើងនេះមានន័យថា អ៊ីស្រាអ៊ែល មិនបដិសេធចំពោះគ្រប់ទម្រង់នៃការវាយប្រហារឡើយ ដើម្បីលុបបំបាត់ការគំរាមកំហែងចំពោះប្រជាជនអ៊ីស្រាអ៊ែល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.