ព័ត៌មានអន្តរជាតិ

ការវិនិយោគរបស់ជប៉ុននៅចិន កំពុងកើនឡើង ទោះបីជានយោបាយភាគីទាំងពីរកំពុងតានតឹងក៏ដោយ

image

ចិន-ជប៉ុន៖ ក្នុងឆ្នាំ ២០២៦ ទំនាក់ទំនងចិន–ជប៉ុនស្ថិតក្នុងស្ថានភាពយ៉ាងរកាំរកូសជាទីបំផុត ពេលខ្លះក៏អាក្រក់បំផុត ប៉ុន្តែពេលវេលាខ្លះដ៏ល្អបំផុតទៅវិញ។ ក្នុងនោះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈី (Sanae Takaichi) បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ហើយបានបញ្ជាក់ជំហររឹងមាំថា បើសិនចិនគំរាមកំហែងតៃវ៉ាន់ ជប៉ុននឹងឆ្លើយតប។ ទោះជាយ៉ាងណាក្ដី ខណៈដែលនយោបាយមានភាពតានតឹង ការវិនិយោគរបស់ជប៉ុននៅចិនឯណោះវិញកំពុងតែកើនឡើង ។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន បង្ហាញថា ក្នុង ៣ត្រីមាសដំបូងនៃឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីជប៉ុនទៅចិនបានកើនឡើង ៥៥,៥% បើធៀបនឹងឆ្នាំមុន។ នេះគឺផ្ទុយពីនិន្នាការទូទៅ ដែលការវិនិយោគបរទេសសរុបនៅចិនបានធ្លាក់ចុះ ៩.៥% ដែលជាការធ្លាក់ចុះក្នុងឆ្នាំទី៣ ជាប់ៗគ្នា។ ទោះបីតម្លៃវិនិយោគសរុបធ្លាក់ចុះក៏ដោយ ប៉ុន្តែចំនួនក្រុមហ៊ុនបរទេសបង្កើតថ្មីនៅចិន បានកើនឡើង ១៩,១% ។

នៅក្រោយតួលេខទាំងនេះ គឺជាយុទ្ធសាស្ត្រថ្មីរបស់ចិន ដែលផ្លាស់ប្ដូរពីការផ្តោតលើកំណើនសេដ្ឋកិច្ចសុទ្ធសាធ មកជាការផ្តល់អាទិភាពលើ «សន្តិសុខជាតិ»។ ក្នុងផែនការ ៥ឆ្នាំ (២០២៦–២០៣០) ចិនផ្តោតលើវិស័យបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត រថយន្តអគ្គិសនី និងសេវាឌីជីថល។ ចិនបើកទូលាយចំពោះការវិនិយោគ ប៉ុន្តែមានការជ្រើសរើសសម្រាប់វិស័យជាក់លាក់ប៉ុណ្ណោះ ។

កាលពីមុន គេហៅប្រទេសចិន ថាជា “រោងចក្ររបស់ពិភពលោក” ដែលមានជនជាតិជប៉ុនរស់នៅប្រហែល ១៥ ម៉ឺននាក់ក្នុងឆ្នាំ ២០១១។ ប៉ុន្តែក្រោយជម្លោះកោះ សេនកាគុ ឬតៅយូ (Senkaku/Diaoyu) និងវិបត្តិកូវីដ-១៩ ចំនួននេះបានធ្លាក់ចុះមកនៅក្រោម ១០ ម៉ឺននាក់ គិតត្រឹមឆ្នាំ ២០២៦។ ទោះយ៉ាងណាក៏ដោយ អ្នកដែលនៅសល់ នៅតែបន្តភ្ជាប់ខ្លួនជាមួយខ្សែច្រវាក់ផលិតកម្មនៅចិន ។

ក្រុមហ៊ុនធំៗរបស់ជប៉ុនក៏នៅតែបន្តវិនិយោគនៅក្នុងប្រទេសចិន ដោយពួកគេអនុវត្តយុទ្ធសាស្ត្រ “នៅចិន ដើម្បីចិន” ដោយផ្តោតលើផលិតកម្មកម្រិតខ្ពស់ និងការស្រាវជ្រាវអភិវឌ្ឍន៍។ ឧទាហរណ៍ ក្រុមហ៊ុន ហុងដា (Honda) បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាម៉ូមែនតា (Momenta) ក្នុងឆ្នាំ ២០២៥ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យារថយន្តឆ្លាតវៃ ។

លើសពីនេះ ក្រុមហ៊ុនជប៉ុនកំពុងប្រើប្រាស់ប្រទេសទីបី ដូចជា អង់គ្លេស ស្វីស និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីវិនិយោគចូលទៅកាន់ប្រទេសចិន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬកិច្ចសហការរួម ហើយនេះ គឺជាវិធីសាស្ត្របន្ថយហានិភ័យនយោបាយ និងធ្វើឱ្យការវិនិយោគមានភាពអព្យាក្រឹតតាមផ្លូវច្បាប់ ។

ជ័យជម្នះរបស់លោកស្រី តាកាអ៊ិឈី បានបង្ហាញពីគំរូថ្មីមួយរបស់ជប៉ុន ដែលបែងចែកយុទ្ធសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដាច់ដោយឡែកពីគ្នា។ ផ្នែកនយោបាយ ជប៉ុនមានជំហររឹងមាំចំពោះចិន ប៉ុន្តែផ្នែកសេដ្ឋកិច្ច ក្រុមហ៊ុនជប៉ុននៅតែពង្រីកទំនាក់ទំនងជាប់ជានិច្ច។ ការណ៍នេះ បង្ហាញពីសមត្ថភាពអត់ធ្មត់ និងភាពបត់បែនរបស់ជប៉ុន ក្នុងការរក្សាផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់ខ្លួន ទោះបីកំពុងមានភាពរកាំរកូសក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ [REUTERS/Aly Song/File Photo]/ Kyodo News via AP/ [Chen Zhuo/Getty Images]