ជម្លោះនៅតំបន់មជ្ឈិមបូព៌ាធ្វើឱ្យប្រាក់យ៉េន និងអឺរ៉ូ ជួបហានិភ័យ ខណៈតម្លៃថាមពលហក់ឡើង
ជប៉ុន៖ នៅថ្ងៃអង្គារនេះ តម្លៃប្រាក់យ៉េនរបស់ជប៉ុន និងប្រាក់អឺរ៉ូរបស់អឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានរីករាលដាលកាន់តែធំឡើងៗ។ បញ្ហានេះ បានបង្ខំឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំងទៅលើប្រទេសដែលពឹងផ្អែកលើការនាំចូលថាមពលប្រេង និងឧស្ម័ន ហើយក៏បានធ្វើឱ្យធនាគារកណ្តាលនានាពិបាកក្នុងការសម្រេចចិត្តរឿងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា ។
ផ្ទុយទៅវិញ ប្រាក់ដុល្លារអាម៉េរិកបានក្លាយជាជម្រើសសុវត្ថិភាពដែលអ្នកវិនិយោគចង់បានបំផុត ដោយនៅពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ហើយវាបានឆ្លងរាលដាលទៅប្រទេសជិតខាងក្នុងតំបន់នោះ តម្រូវការប្រាក់ដុល្លារក៏បានកើនឡើង ស្របពេលរូបិយប័ណ្ណគ្រីបតូ ដូចជា ប៊ីតឃ័ញ (Bitcoin) និងអ៊ែតធ័រ (Ether) បានធ្លាក់ចុះតម្លៃ ។
ចំណែកឯតម្លៃប្រេងឆៅបានកើនឡើងជាបន្តបន្ទាប់រយៈពេល ៣ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីអ៊ីរ៉ង់គំរាមវាយប្រហារនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz)។ ក្នុងពេលជាមួយគ្នា ប្រទេសកាតា បានផ្អាកការផលិតឧស្ម័នធម្មជាតិ ដែលបង្ខំឱ្យបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាផ្អាកប្រតិបត្តិការរោងចក្រប្រេង និងឧស្ម័នមួយចំនួនជាបណ្តោះអាសន្ន ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោកស្រី សាតស៊ូគិ កាតាយ៉ាម៉ា (Satsuki Katayama) បានបញ្ជាក់ថា ជប៉ុនកំពុងតាមដានទីផ្សារយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយការអន្តរាគមន៍លើទីផ្សាររូបិយប័ណ្ណដើម្បីការពារប្រាក់យ៉េន គឺជារឿងដែលមិនអាចបដិសេធបានឡើយ ។
លោកស្រី បន្ថែមថា បញ្ហាចម្បងគឺថា អឺរ៉ុប និងជប៉ុន ជាប្រទេសដែលត្រូវនាំចូលថាមពលច្រើន ដែលខុសពីសហរដ្ឋអាម៉េរិក ជាប្រទេសផលិតថាមពលលើសតម្រូវការ ដូច្នេះហើយ នៅពេលតម្លៃថាមពលឡើងថ្លៃ ប្រាក់យ៉េន និងអឺរ៉ូ តែងតែជួបការលំបាកជានិច្ច ។
បញ្ហាកំណើនអតិផរណា ក៏បានធ្វើឱ្យអ្នកវិនិយោគភ័យខ្លាចថា ធនាគារកណ្តាលអាម៉េរិក ហៅកាត់ថា Fed នឹងពន្យារពេលកាត់បន្ថយអត្រាការប្រាក់ ខណៈអ្នកវិនិយោគលែងរំពឹងហើយថា Fed នឹងកាត់បន្ថយការប្រាក់នៅខែកក្កដាទៀតហើយ ប៉ុន្តែពួកគេរំពឹងថា វានឹងកើតឡើងនៅខែកញ្ញាជំនួសវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ REUTERS via CNA | រូបភាព៖ REUTERS/Dado Ruvic/Illustration on CNA/ [Majid Asgaripour/WANA (West Asia News Agency) via REUTERS]/ [IBRAHIM AMRO / AFP via Getty Images) Ibrahim Amro/AFP/Getty Images]