ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងកាណាដា គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំ ២០២៦

image

ឥណ្ឌា-កាណាដា៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី បានជួបពិភាក្សាជាមួយសមភាគីកាណាដា លោក ម៉ាក ខានី (Mark Carney) នៅទីក្រុងញូវដេល្លី។ នៅក្នុងជំនួបកាលពីពេលថ្មីៗនេះ មេដឹកនាំទាំងពីររូប បានប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដែលធ្លាប់តែមានភាពតានតឹងកាលពីពេលកន្លងទៅ។ ភាគីទាំងពីរ មានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥០ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ ២០៣០ ដោយកើនឡើងពីជិត ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤-២០២៥ ។

នៅក្នុងកិច្ចសន្ទនាជាមួយលោក ម៉ូឌី លោក ម៉ាក ខានី បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានមុនដំណាច់ឆ្នាំ ២០២៦។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃការពង្រីកភាពជាដៃគូដ៏សំខាន់ ដោយមានគោលដៅ និងការរំពឹងទុកថ្មីៗសម្រាប់អនាគត ។

ជាងនេះទៅទៀត ឥណ្ឌា និងកាណាដា បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមដែលមានតម្លៃ ២,៦ ពាន់លានដុល្លារ។ តាមរយៈកិច្ចព្រមព្រៀងនេះ កាណាដានឹងផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូទៅឱ្យឥណ្ឌាក្នុងរយៈពេលវែង ដើម្បីគាំទ្រដល់តម្រូវការថាមពលស្អាត និងផែនការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ឥណ្ឌា ។

ក្រៅពីវិស័យថាមពល មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខដែនសមុទ្របន្ថែមទៀត។ ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោក ខានី ទៅកាន់ប្រទេសឥណ្ឌា ត្រូវគេចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងភាគីទាំងពីរ ធ្លាប់បានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងឆ្នាំ ២០២៣ ដោយសារតែជម្លោះជុំវិញនឹងការចោទប្រកាន់លើបញ្ហានយោបាយផ្ទៃក្នុង។ ការអភិវឌ្ឍថ្មីៗចុងក្រោយនេះ បង្ហាញថា ប្រទេសទាំងពីរបានងាកចេញពីភាពរកាំរកូស និងបែរមកផ្តោតលើផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នាវិញ ។

បច្ចុប្បន្ន ទាំងឥណ្ឌា និងកាណាដាកំពុងព្យាយាមបង្វែរទិសដៅពាណិជ្ជកម្មរបស់ខ្លួនចេញពីសហរដ្ឋអាម៉េរិក ដោយសារតែបញ្ហាតម្លៃពន្ធនាំចូល ហើយពួកគេកំពុងផ្តោតខ្លាំងលើវិស័យថាមពលស្អាត រ៉ែសំខាន់ៗ និងខ្សែច្រវាក់ផលិតកម្មកសិកម្ម។ កាលពីខែមករា ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ខណៈដែលការចរចាជាមួយអាម៉េរិកត្រូវបានផ្អាកជាបណ្ដោះអាសន្ន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera | រូបភាព៖ [Adnan Abidi/Reuters on Al Jazeera]/ generated by ChatGPT AI on Western Standard.