សភាពាណិជ្ជកម្មកម្ពុជា រៀបចំពិធីស្វាគមន៍គណៈប្រតិភូធុរកិច្ចជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦”
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បានរៀបចំពិធីជប់លៀង Networking Cocktails ស្វាគមន៍គណៈប្រតិភូធុរកិច្ចជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមក្នុង “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦” នៅរាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា។
ក្នុងឱកាសដ៏សំខាន់នេះ ក៏មានវត្តមានផ្តល់កិត្តិយសពី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងតំណាងក្រសួង-ស្ថាប័នរដ្ឋ និងអ្នកធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
ពិធីជប់លៀងនេះមានគោលបំណងបង្កើតបរិយាកាសស្និទស្នាល សម្រាប់ការជួបជុំ ពិភាក្សា និងបង្កើតបណ្តាញទំនាក់ទំនងរវាងធុរជនជាតិ និងអន្តរជាតិ ដើម្បីចាប់យកឱកាសសហប្រតិបត្តិការ និងពង្រីកអាជីវកម្មនៅក្នុងតំបន់ និងអន្តរជាតិ។
សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជា និងអាស៊ាន រៀបចំ “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣-០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម»។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងស្របពេលដែលអាស៊ានកំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលកំណើនសកល។ ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិ ធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។
កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រកម្ពុជា» ដោយយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ “ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាត ការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់”; នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ “ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធ; អេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម”; សមាហរណកម្មតំបន់៖ “កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍”; ការវិវត្តនៃកម្លាំងពលកម្ម៖ “ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប”៕ រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត