កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ដើម្បីជំរុញសេដ្ឋកិច្ច ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្រ្តី
សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ានបានរៀបចំ «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៣-០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម»។
កម្មវិធីបើកកិច្ចប្រជ៉ំជាផ្លូវការនាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងមានការចូលរួមដោយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ អាស៊ាន,លោក Anthony Patrick Chua, តំណាងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២៦ ប្រទេសហ្វីលីពីន,ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតអាស៊ាន ឯកអគ្គរាជទូត និងអង្គទូត ,ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា,អ្នកឧកញ៉ា ឧកញ៉ា និងបណ្តាធុរជន។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលដែលអាស៊ានកំពុងពង្រឹងជំហររបស់ខ្លួន ជាមជ្ឈមណ្ឌលកំណើនសកល។
កិច្ចពិភាក្សា នៃកិច្ចប្រជុំកំពូលធុរកិច្ចផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រកម្ពុជា» ដោយយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាត
ការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់»។ នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ «ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម»សមាហរណកម្មតំបន់៖ «កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍» ការវិវត្តនៃកម្លាំងពលកម្ម៖ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និង
វិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»។
គោលបំណងចម្បងនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ គឺដើម្បីប្រមូលផ្តុំថ្នាក់ដឹកនាំសភាពាណិជ្ជកម្មក្នុងតំបន់ និងធុរជនអន្តរជាតិ មកពិភាក្សាផ្លាស់ប្តូរមតិ ដើម្បីស្វែងរកដំណោះស្រាយរួមចំពោះការប្រែប្រួលយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចសកល៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ក្រុមការងារផ្សាយផ្ទាល់