ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ៖ ភារកិច្ចរួមរបស់យើង គឺរក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព

image

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា "អស្ថិរភាពកាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយការកើនឡើង នៃជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានបង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ហើយកំណើនសេដ្ឋកិច្ចរបស់អាស៊ាននឹងត្រូវប្រឈមដោយផ្ទាល់នៅឆ្នាំ ២០២៦។ នៅក្នុងបរិយាកាសនេះ ចំណុចខ្លាំងរបស់អាស៊ានមិនមែនស្ថិតនៅលើការជ្រើសរើសភាគីនោះណាទេ ប៉ុន្តែស្ថិតនៅលើការរក្សាភាពបើកចំហអព្យាក្រឹតភាព និងជាមជ្ឈភាព ហើយភារកិច្ចរួមរបស់យើង គឺរក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព ដែលជាកម្លាំងជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ និងធានាថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែត្រូវបានគ្រប់គ្រងដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក"។ នេះជាការថ្លែងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង
ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាំកម្ពុជា នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ។

អ្នកឧកញ៉ា គិត ម៉េង បន្តថា "ក្នុងចំណោមបញ្ហាប្រឈមសកលតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តលេចធ្លោជាតំបន់នៃភាពធន់ ថាមវន្ត និងកាលានុវត្តភាព។នៅត្រឹមឆ្នាំ ២០៣០ អាស៊ានត្រូវបានព្យាករថានឹងក្លាយជាសេដ្ឋកិច្ចធំទីបួនរបស់ពិភពលោក ដោយមានផលិតផលក្នុងស្រុកសរុប (GDP) សរុបជិត ១០ ទ្រីលានដុល្លារអាមេរិក។ បរិវត្តកម្មនេះនឹងមិនកើតឡើងដោយចៃដន្យទេ តែជាលទ្ធផល នៃចេតនាពិតប្រាកដក្នុងការជ្រើសរើសគោលនយោបាយ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចូលរួមប្រកបដោយចីរភាពរបស់វិស័យ
ឯកជន"។

អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកទឹកចិត្តអ្នកចូលរួមកិច្ចប្រជ៉ំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ប្រើប្រាស់រយៈពេលពីរថ្ងៃនេះ ដើម្បីចូលរួមប្រកបដោយអត្ថន័យដើម្បីពង្រឹងភាពជាដៃគូ និងដើម្បីកំណត់កាលានុវត្តភាពជាក់ស្តែងដែលនឹងកំណត់នូវកំណើនសេដ្ឋកិច្ចអាស៊ានមួយទសវត្សរ៍ខាងមុខ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ

រូប៖ក្រុមការងារផ្សាយផ្ទាល់