អ្នកឧកញ៉ា គិត ម៉េង៖ ជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា បង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ខណៈកំណើនសេដ្ឋកិច្ចរបស់អាស៊ាន នឹងត្រូវប្រឈមដោយផ្ទាល់នៅឆ្នាំ២០២៦
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ការកើនឡើងនៃជម្លោះរវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ដែលកំណើនសេដ្ឋកិច្ចរបស់អាស៊ាន នឹងត្រូវប្រឈមដោយផ្ទាល់នៅឆ្នាំ២០២៦ ដោយអស្ថិរភាពនេះកាន់តែមានភាពធ្ងន់ធ្ងរឡើង។
ការថ្លែងបែបនេះរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ព្រមទាំងតំណាងក្រសួង-ស្ថាប័នរដ្ឋ និងអ្នកធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
ជុំវិញការកើនឡើងនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ានេះដែរ, អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា តម្លៃប្រេងឆៅប្រភេទ Brent កើនឡើងខ្ពស់ និងការរំខាននៅក្នុងច្រកសមុទ្រ Hormuz ដែលជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនប្រេង ២០% របស់ពិភពលោក អាជីវកម្មក្នុងតំបន់របស់យើងត្រូវប្រឈមនឹងសម្ពាធអតិផរណាភ្លាមៗ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា៖ «យើងរៀបចំកិច្ចប្រជុំកំពូលនេះ នៅដំណាក់កាលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោក។ យើងកំពុងមើលឃើញសម័យកាលនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងរវាងមហាអំណាចធំៗ ដែលអាស៊ានកំពុងតែធ្វើដំណើរឆ្លងកាត់រលកសម្ពាធនេះ ដែលកើតចេញពីភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិន»។
អ្នកឧកញ៉ា គិត ម៉េង សង្កត់ធ្ងន់ថា រលកថ្មីៗនៃវិធានការពន្ធឯកតោភាគី និងការឆ្លើយតបជាបន្តបន្ទាប់ បានធ្វើឱ្យសេដ្ឋកិច្ចកាន់តែការបែកបាក់ខ្លាំងឡើង ដោយបានបង្កើនល្បឿននៃគម្លៀត និងបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗ ងាកចេញពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលអាចព្យាករបាននិងផ្អែកលើបទបញ្ញត្តិច្បាប់ ឆ្ពោះទៅរកសណ្តាប់ធ្នាប់សកលមួយ ដែលត្រូវបានជំរុញដោយប្រតិបត្តិការនិងផលប្រយោជន៍។
អ្នកឧកញ៉ា គិត ម៉េង បន្ថែមទៀតថា នៅក្នុងបរិយាកាសនេះ ចំណុចខ្លាំងរបស់អាស៊ានមិនមែនស្ថិតនៅលើការជ្រើសរើសភាគីណានោះទេ ប៉ុន្តែស្ថិតនៅលើការរក្សាភាពបើកចំហ អព្យាក្រឹតភាព និងជាមជ្ឈភាព។ ភារកិច្ចរួមរបស់យើង គឺរក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព ដែលជាកម្លាំងជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ និងធានាថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែត្រូវបានគ្រប់គ្រងដោយភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក។ ដូច្នេះភាពពាក់ព័ន្ធរបស់អាស៊ាន មិនដែលមានសារៈសំខាន់ជាងពេលនេះទេ ហើយការទទួលខុសត្រូវរបស់យើងក៏មិនដែលមានភាពស៊ីជម្រៅជាងនេះដែរ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ, លឹម មុនី និងអ៊ុន ផាន់ណាត