ព័ត៌មានជាតិ

៣០ខេត្តក្នុងប្រទេសថៃ ប្រឈមនឹងព្យុះភ្លៀងរន្ទះ ក្នុងរយៈពេល ២៤ម៉ោងខាងមុខ

image

ថៃឡង់ដ៍៖ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសថា ក្នុងរយៈពេល ២៤ម៉ោងខាងមុខ នៅតាមបណ្ដាខេត្តចំនួន ៣០ នឹងប្រឈមភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងរន្ទះបាញ់ ជាពិសេសនៅតំបន់ភាគខាងជើង ភាគឦសាន និងភាគខាងកើត។ បាតុភូតនេះ បង្កឡើងដោយប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ដែលកំពុងរាលដាលមកដល់តំបន់ជិតខាង ។

អាជ្ញាធរ បានណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការឈរនៅទីវាល ហាមនៅក្រោមដើមឈើធំៗ ឬសំណង់ដែលមិនរឹងមាំ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ។ សម្រាប់កសិករឯណោះវិញ គួរតែរៀបចំការពារដំណាំ និងសត្វចិញ្ចឹមឱ្យបានល្អ ខណៈអ្នកនេសាទនៅសមុទ្រអាន់ដាម៉ាន់ (Andaman) និងឈូងសមុទ្រថៃ ត្រូវចៀសវាងការធ្វើដំណើរចូលទៅតំបន់ដែលមានព្យុះ ព្រោះរលកអាចមានកម្ពស់ជាង ២ ម៉ែត្រ ។

ទន្ទឹមនឹងព្យុះភ្លៀងដែលមានក្នុងការព្យាករណ៍នេះ តំបន់ជាច្រើន រួមទាំងទីក្រុងបាងកកដែរនោះ នៅតែបន្តមានអាកាសធាតុក្តៅហួតហែង និងមានធូលីដីក្នុងកម្រិតមធ្យមទៅខ្លាំង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព៖ Thaiger/ Bangkok Post