ពលរដ្ឋថៃ សម្រុកចាក់សាំង ព្រោះខ្លាចអស់ស្តុកប្រេងក្នុងរយៈពេល ៦០ថ្ងៃ ខណៈអាជ្ញាធរថាជារឿងយល់ច្រឡំ
ថៃឡង់ដ៍៖ ពលរដ្ឋនៅតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេសថៃ ជាពិសេសនៅស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ បាននាំគ្នាសម្រុកទៅចាក់ប្រេងតាមស្ថានីយនានា ដោយសារតែបារម្ភអំពីវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ការភ័យខ្លាចនេះ បានបណ្តាលឱ្យស្ថានីយប្រេងមួយចំនួនជួបប្រទះការដាច់ស្តុកប្រេងសាំង ដោយសារតែតម្រូវការកើនឡើងខ្លាំងភ្លាមៗ ។
មូលហេតុចម្បងនៃការភ័យស្លន់ស្លោនេះ កើតចេញពីការយល់ច្រឡំលើព័ត៌មានស្តីពីស្តុកប្រេងរបស់រដ្ឋ ដោយប្រជាពលរដ្ឋខ្លះយល់ខុសថា រដ្ឋមានប្រេងសម្រាប់ប្រើប្រាស់បានត្រឹម ៦០ ថ្ងៃប៉ុណ្ណោះ ខណៈអាជ្ញាធរថៃ បញ្ជាក់ជាថ្មីថា មានស្តុកប្រេងជាធម្មតា ។
អាជ្ញាធរថាមពលថៃ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដើម្បីទប់ស្កាត់ការកេងចំណេញ និងការស្តុកទុកប្រេងខុសច្បាប់។ មន្ត្រីជំនាញបានអំពាវនាវប្រជាជន ឱ្យបញ្ឈប់ការទិញប្រេងហួសកម្រិត ដោយបញ្ជាក់ថា អាជ្ញាធរកំពុងឃ្លាំមើលស្ថានការណ៍នេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English/ Chiang Rai News-CTN