អ្នកជំនាញចិនព្រមានថា បើការវាយប្រហារលើអ៊ីរ៉ង់បន្តអូសបន្លាយ ពិភពលោកនឹងប្រឈមវិបត្តិសេដ្ឋកិច្ច និងថាមពល
ចិន៖ ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានវ៉ាយអូរី (VIORY) កាលពីថ្ងៃអង្គារ អ្នកជំនាញយោធាចិន បានធ្វើការព្រមានថា ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលលើប្រទេសអ៊ីរ៉ង់ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសទីផ្សារប្រេង និងថាមពល ។
លោកបញ្ជាក់ថា សកម្មភាពនេះគឺជាការបំពានច្បាប់អន្តរជាតិ និងអាចធ្វើឱ្យវិស័យថាមពលពិភពលោកផ្លាស់ប្តូរទាំងស្រុង។ ចំណុចសំខាន់មួយគឺច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០% លើពិភពលោក។ ប្រសិនបើច្រកនេះត្រូវបិទ ឬរាំងស្ទះយូរ វានឹងបង្កជាបញ្ហាប្រឈមធំសម្រាប់ប្រទេសជាច្រើន ។
ប្រទេសជាច្រើនដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែពឹងផ្អែកលើប្រេង និងឧស្ម័នដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ដូចនេះ ប្រសិនបើនាវាដឹកប្រេងមិនអាចឆ្លងកាត់បាន ការចំណាយលើថាមពលនឹងកើនឡើងខ្ពស់ ដែលធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មទូទៅកើនឡើងតាមនោះដែរ ខណៈចិនទទួលបានថាមពលជាច្រើនពីតំបន់មជ្ឈិមបូព៌ា ដូចជា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ។
ជុំវិញស្ថានភាពនេះ រដ្ឋាភិបាលចិន បានធ្វើការអំពាវនាវឱ្យរក្សាផ្លូវទឹកនេះឱ្យមានសុវត្ថិភាព និងស្នើឱ្យគ្រប់ភាគីជម្លោះទាំងអស់បញ្ឈប់ការវាយប្រហារគ្នា ដើម្បីធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល ព្រោះថាប្រសិនបើការរាំងស្ទះនេះអូសបន្លាយ វានឹងធ្វើឱ្យថ្លៃប្រេងកើនឡើង និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ។
ដើម្បីកាត់បន្ថយហានិភ័យនៅពេលអនាគត ចិនក៏កំពុងអភិវឌ្ឍថាមពលថ្មីៗ ដូចជាថាមពលនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ ព្រមទាំងជំរុញដល់ការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង ។
តាមរយៈរបាយការណ៍នានា បានបង្ហាញថា ប្រសិនបើច្រកសមុទ្រសំខាន់ៗ ដូចជាច្រកសមុទ្រហ័រមូសត្រូវបិទ វាពិតជាប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ថាមពល ដោយធ្វើឱ្យតម្លៃថាមពលពិភពលោកកើនឡើងខ្ពស់ ហើយសេដ្ឋកិច្ចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើសភាពការណ៍នៅតែមិនថមថយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ [Jade GAO /AFP via Getty Images]/ AFP via NDTV