លោកត្រាំ គំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ដែលមិនអនុញ្ញាតអាម៉េរិកឱ្យប្រើមូលដ្ឋានទ័ព
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានគំរាមកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ ក្រោយពេលដែលប្រទេសនេះ មិនអនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការយោធាទៅលើប្រទេសអ៊ីរ៉ង់។ លោក ត្រាំ បានថ្លែងនៅឯសេតវិមានដោយសម្តែងការខឹងសម្បារថា អេស្ប៉ាញបានធ្វើរឿងដ៏អាក្រក់ ហើយលោកក៏មិនចង់ពាក់ព័ន្ធអ្វីជាមួយប្រទេសនេះទៀតដែរ ។
ក្រៅពីបញ្ហាមូលដ្ឋានទ័ព លោក ត្រាំ ក៏បានសម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលអេស្ប៉ាញ ដែលមិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ៥% នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ខ្លួន ដូចដែលលោកបានទាមទារ។ លោក ត្រាំ ធ្លាប់បានព្រមានថា អេស្ប៉ាញគួរតែទទួលរងនូវការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចសម្រាប់ការមិនសហការនេះ ។
ទោះជាយ៉ាងណាក៏ដោយ ការគំរាមកាត់ផ្តាច់ពាណិជ្ជកម្មនេះ អាចនឹងជួបបញ្ហាស្មុគស្មាញ ដោយសារតែអេស្ប៉ាញគឺជាសមាជិករបស់សហភាពអឺរ៉ុប ដែលមានច្បាប់អនុញ្ញាតឱ្យទំនិញផ្លាស់ទីដោយសេរីរវាងប្រទេសសមាជិកទាំង ២៧ ដូច្នេះហើយ ការដាក់ទណ្ឌកម្មលើតែប្រទេសមួយគឺជារឿងពិបាក។ ជុំវិញស្ថានភាពនេះ រដ្ឋាភិបាលអេស្ប៉ាញ បានឆ្លើយតបថា ប្រសិនបើអាម៉េរិកចង់ពិនិត្យឡើងវិញលើទំនាក់ទំនងពាណិជ្ជកម្ម អាម៉េរិកត្រូវតែគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក ហ្វ្រេឌ្រីច មើស (Friedrich Merz) ដែលទើបតែបានជួបជាមួយលោក ត្រាំ ក៏បានបញ្ជាក់ប្រាប់លោក ត្រាំ ដែរថា អេស្ប៉ាញគឺជាផ្នែកមួយនៃសហភាពអឺរ៉ុប ហើយរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ត្រូវតែរាប់បញ្ចូលទាំងអេស្ប៉ាញផងដែរ ។
កាលពីឆ្នាំ ២០២៥ កន្លងទៅ អាម៉េរិកបាននាំចេញទំនិញទៅអេស្ប៉ាញក្នុងតម្លៃប្រហែល ២៦ ពាន់លានដុល្លារ ហើយនាំចូលទំនិញពីអេស្ប៉ាញវិញក្នុងតម្លៃប្រហែល ២១ ពាន់លានដុល្លារ។ ទំនិញសំខាន់ៗដែលអាម៉េរិកនាំចូលពីអេស្ប៉ាញ មានដូចជា ឱសថ និងប្រេងអូលីវជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BBC/ VIORY | រូបភាព៖ [AP Photo/Mark Schiefelbein]/ [REUTERS/Marcelo del Pozo/File Photo ]/ Al Jazeera