ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់ម៉ឺននាក់ក្នុងទីក្រុង Kargil ប្រទេសឥណ្ឌា ចេញមុខតវ៉ាប្រឆាំងនឹងការវាយប្រហារលើអ៊ីរ៉ង់

image

ឥណ្ឌា៖ ប្រជាជនរាប់ម៉ឺននាក់ក្នុងតំបន់ខាហ្គីល (Kargil) ប្រទេសឥណ្ឌា បានចូលរួមធ្វើការតវ៉ាទ្រង់ទ្រាយធំ ដើម្បីបង្ហាញនូវការកាន់ទុក្ខចំពោះមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមីនី (Ayatollah Ali Khamenei) ដែលបានបាត់បង់អាយុជីវិតនៅក្នុងប្រតិបត្តិការយោធារបស់អាម៉េរិក និងអ៊ីស្រាអ៊ែល ។

ក្រុមអ្នកតវ៉ា បានរួមគ្នាថ្កោលទោសសកម្មភាពរបស់អាម៉េរិក និងអ៊ីស្រាអ៊ែល ដោយចាត់ទុកថាជាការវាយប្រហារទៅលើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកកាន់សាសនាឥស្លាម ហើយពួកគេបានប្តេជ្ញាគាំទ្រ និងឈរនៅខាងប្រជាជនអ៊ីរ៉ង់ជានិច្ច ។

ដោយសារតែស្ថានការណ៍មានភាពតានតឹង អាជ្ញាធរក្នុងតំបន់ ចាំមូ និងកាស្មៀរ (Jammu and Kashmir) ក៏ដូចជា ឡាដាក់ (Ladakh) បានដាក់ចេញនូវវិធានការសន្តិសុខជាបន្ទាន់ រួមទាំងការបិទសាលារៀន និងដាក់កម្រិតលើការធ្វើដំណើរ ដើម្បីទប់ស្កាត់អំពើហិង្សាណាមួយដែលអាចកើតឡើង ។

ព្រឹត្តិការណ៍នេះ កើតឡើងបន្ទាប់ពីការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែលលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយនាំឱ្យអ៊ីរ៉ង់ធ្វើការសងសឹកវិញ ដោយបង្កឱ្យមានការផ្ទុះជម្លោះ និងភាពតានតឹងយ៉ាងខ្លាំងនៅទូទាំងតំបន់ឈូងសមុទ្រ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.