ព័ត៌មានអន្តរជាតិ

ការិយាល័យសារព័ត៌មាន RT របស់រុស្ស៊ី ក្នុងទីក្រុងតេហ៍រ៉ង់ រងការខូចខាតក្នុងសង្គ្រាមអាម៉េរិក-អ៊ីស្រាអ៊ែលលើអ៊ីរ៉ង់

image

អ៊ីរ៉ង់៖ ការិយាល័យកណ្ដាលនៃទីភ្នាក់សារព័ត៌មាន RT របស់រុស្ស៊ី នៅក្នុងទីក្រុងតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ បានទទួលរងនូវការខូចខាត បន្ទាប់ពីមានការវាយប្រហារដោយអ៊ីស្រាអ៊ែលនិងអាម៉េរិក ។ បុគ្គលិកនៅទីនោះ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះដោយសារតែការវាយប្រហារ បានកើតឡើងអំឡុងពួកគេកំពុងអង្គុយធ្វើការ ដោយបង្ខំពួកគេចាកចេញពីអគារភ្លាមៗ ។

លោក ហាមី ហាម៉េឌី (Hami Hamedi) ប្រធានការិយាល័យសារព័ត៌មាន RT ប្រចាំនៅអ៊ីរ៉ង់ បានរៀបរាប់ថា លោកបានត្រឡប់ទៅការិយាល័យវិញនៅជាន់ទី៤ ហើយឃើញថា កញ្ចក់បង្អួចត្រូវខូច ហើយជញ្ជាំងប្រេះ ដោយសារតែកម្លាំងរលកនៃបន្ទុះ។ អគារមួយមាន៤ជាន់ ដែលស្ថិតនៅខាងក្រោយការិយាល័យ ត្រូវបំផ្លាញទាំងស្រុង ។

បុគ្គលិក RT បានបញ្ជាក់បន្ថែមថា តំបន់នោះមិនមែនជាតំបន់យោធានោះទេ ខណៈទីតាំងនេះ ជាតំបន់លំនៅឋាន និងការិយាល័យធម្មតាប៉ុណ្ណោះ។ អ្នកផលិតព័ត៌មានម្នាក់ទៀត បានបង្ហាញពីការខូចខាត និងនិយាយថា គ្រាប់រ៉ុក្កែតបានធ្លាក់នៅជិតការិយាល័យរបស់ខ្លួន ស្របពេលអគារនិងផ្ទះនៅជិតខាងនោះ រងនូវការខូចខាតធ្ងន់ធ្ងរ ។

បុគ្គលិករបស់ RT បានរិះគន់សេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិក ដែលនិយាយថា ជំនួយកំពុងមកដល់ហើយ។ ពួកគេសួរថា តើនេះឬដែលហៅថាជំនួយ? ខណៈប្រជាពលរដ្ឋនៅទីក្រុងតេហ៍រ៉ង់ និងទីក្រុងផ្សេងៗទៀត កំពុងរងទុក្ខលំបាក។ បុគ្គលិក RT បានបន្ថែមថា ការវាយប្រហារនេះប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋស៊ីវិល និងអ្នកសារព័ត៌មាន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's videos.