សម្ដេចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះទំហំពាណិជ្ជកម្ម កម្ពុជា-សឹង្ហបុរី ដែលកើនដល់៥ពាន់លានដុល្លារ និងសង្ឃឹមថារដ្ឋាភិបាលទាំងពីរ ប្រឹងប្រែងដាក់គោលដៅ ឲ្យកើនដល់១០ពាន់លានដុល្លារនៅឆ្នាំខាងមុខ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ពេញចិត្តចំពោះទំហំពាណិជ្ជកម្ម ប្រទេសកម្ពុជា-សិង្ហបុរី ដែលមានការកើនឡើងដល់ជាង៥ពាន់លានដុល្លារ ដោយសម្ដេចតេជោ បន្ដសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងដាក់គោលដៅទំហំពាណិជ្ជកម្មឲ្យកើនដល់១០ពាន់លានដុល្លារនៅឆ្នាំខាងមុខ។
ការលើកឡើងបែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០២៦នេះ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ថា នៅក្នុងជំនួបនោះសម្ដេចតេជោ បានសម្ដែងការស្វាគមន៍ ដែលបានជួបលោកជំទាវសាជាថ្មី បើទោះជាលោកស្រីបានផុតអាណត្ដិជាឯកអគ្គរដ្ឋទូតក្ដី តែកន្លងមកបេសកកម្មរបស់លោកស្រីនៅកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងកម្ពុជា-សឹង្ហបុរី ឲ្យមានភាពល្អប្រសើរ និងកើនឡើងនូវទំនាក់ទំនងទ្វេរភាគី។
ក្នុងឱកាសនោះ លោកស្រី Teo Lay Cheng បានសម្ដែងការអរគុណដែលសម្ដេចតជោ បានអនុញ្ញាតឲ្យលោកជំទាវ និងសហការីចូលជួមសម្ដែងការគួរសម និងជម្រាបលា ដែលនេះជាលើកទី៣ហើយក្នុងអាណត្ដិការងារ៥ឆ្នាំរបស់លោកស្រីដែលបានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ។
លោកស្រីមានប្រសាសន៍ថា រាល់ពេលបានជួបសម្ដេចតេជោ លោកស្រីតែងបានរៀនសូត្រ និងស្ដាប់នូវបទពិសោធន៍ដ៏កម្រដែលបង្កើនជាពុទ្ធិសម្រាប់លោកជំទាវផ្ទាល់ ស្របជាមួយគ្នានេះលោកស្រីបានរំលេចពីទំនាក់ទំនងរវាងកម្ពុជា-សឹង្ហបុរី នាពេលកន្លងមកមានភាពរីកចម្រើន ពិសេសនៅឆ្នាំកន្លងទៅទំនាក់ទំនងប្រទេសទាំងពីរបានកើនឡើងជាបន្ដបន្ទាប់ តាមរយ:ពាណិជ្ជកម្មល្អប្រសើរ ទន្ទឹមនិងទំនាក់ទំនងនយោបាយក៏រលូនទៅជាមួយគ្នា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន រីករាយជុំវិញការខិតខំប្រឹងប្រែងរបស់ លោកស្រីក្នុងការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ស្របជាមួយគ្នានេះសម្ដេចតេជោ បានលើកឡើង និងពេញចិត្ដចំពោះទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរដែលមានការកើនឡើងដល់ជាង៥ពាន់លានដុល្លារ ដោយសម្ដេចតេជោ បន្ដសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងដាក់គោលដៅទំហំពាណិជ្ជកម្មឲ្យកើនដល់១០ពាន់លានដុល្លារនៅឆ្នាំខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ជារឿងចាំបាច់ណាស់ដែលជាផ្នែកមួយសំខាន់សម្រាប់រុញច្រានទំនាក់ទំណងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែប្រសើរ។
បន្ថែមពីនេះសម្ដេចតេជោ ក៏បានចែករំលែកពីបទពិសោធន៍ និងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងបានចែករំលែកអំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជានិងថៃនៅពេលបច្ចុប្បន្ននេះ ព្រមទាំងបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក។
លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណចំពោះសម្ដេចតេជោដែលបានចែករំលែកនូវមេរៀន និងជាទស្សនទានដ៏ល្អៗ ដែលលោកជំទាវបានហៅសម្ដេចតេជោថាជារដ្ឋបុរសរបស់កម្ពុជា។ លោកស្រីបានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា និងកត្តាសុខសន្តិភាព ហើយលោកជំទាវក៏មានអនុស្សាវរីយ៍ជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកស្រីបានហៅប្រទេសកម្ពុជាថាជាប្រទេសដ៏អស្ចារ្យ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង,ប៉ក់ សុឃីម