ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យស្ថាប័នអនុវត្តច្បាប់ និងសមត្ថកិច្ចត្រូវបន្តពង្រឹងសមត្ថភាព ខិតខំស្រាវជ្រាវ ស៊ើបអង្កេតបង្កើនសកម្មភាពបង្ក្រាបឱ្យដល់ឫសគល់ និង មេក្លោង

image

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យស្ថាប័នអនុវត្តច្បាប់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃក្រសួងការពារជាតិ ត្រូវបន្តពង្រឹងសមត្ថភាព ខិតខំស្រាវជ្រាវ ស៊ើបអង្កេត បើកការតស៊ូករណី បង្កើនសកម្មភាពបង្ក្រាបឱ្យដល់ឫសគល់ និង មេក្លោង។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវមានម្ចាស់ការលើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន, ទាំងការងារផ្សព្វផ្សាយអប់រំ និង ការងារអនុវត្តច្បាប់ ក្នុងដែនសមត្ថកិច្ចខ្លួន ដោយសារកន្លងមកការងារផ្សព្វផ្សាយអប់រំភាគច្រើនធ្វើឡើងពីថ្នាក់ជាតិ ហើយមូលដ្ឋានមួយចំនួនពុំទាន់សកម្មក្នុងការងារបង្ក្រាបការប្រើប្រាស់តាមសហគមន៍នៅឡើយ "។

សម្តេចបវរធិបតី ក៏បានណែនាំ អភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើការងារនេះ ដោយត្រូវរៀបចំយន្តការ ក្រុមការងារ និង មន្ត្រីបង្គោលទទួលការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ឱ្យបានគ្រប់ថ្នាក់, ចាប់ពី ក្រុង ខណ្ឌ ស្រុក សង្កាត់ ឃុំ រហូតដល់ភូមិ ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី