សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សមរភូមិគ្រឿងញៀន តាមបណ្តាប្រទេសនានាលើសកលលោក មិនទាន់បង្ហាញ នូវសញ្ញាថមថយនៅឡើយទេ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "សមរភូមិគ្រឿងញៀន តាមបណ្តាប្រទេសនានាលើសកលលោក មិនទាន់បង្ហាញ នូវសញ្ញាថមថយនៅឡើយទេ ជាពិសេសនៅតំបន់អាមេរិកឡាទីន វិបត្តិគ្រឿងញៀនបានក្លាយជាសង្គ្រាម និង ជម្លោះប្រដាប់អាវុធយ៉ាងវឹកវររវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន ដែលបានបង្ក ជាចលាចល និងសោកនាដកម្មធ្ងន់ធ្ងរ ក្នុងសង្គម "។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ បាននិងកំពុងទទួលរងឥទ្ធិពលអវិជ្ជមានពីនិន្នាការដ៏គ្រោះថ្នាក់នេះ ដោយកន្លងមកសកម្មភាព ប៉ុនប៉ងចរាចរគ្រឿងញៀនឆ្លងកាត់តាម ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង បញ្ញើប្រៃសណីយ៍ ការលបលួច កែច្នៃ និងផលិត ការភ្ជាប់បទល្មើសគ្រឿងញៀន ទៅនឹងបទល្មើសនៃក្រុមឧក្រិដ្ឋជន មានអង្គការចាត់តាំង នៅតែបន្តកើតមានទោះបីជាសមត្ថកិច្ចបានខិតខំចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាប ជាប់ជាប្រចាំក៏ដោយ ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី