ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

image

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥,៦ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា "សភាពការណ៍គ្រឿងញៀនទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ,វិបត្តិសេដ្ឋកិច្ចលើពិភពលោក បានធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើនសកម្មភាពដាំដុះនិងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀនសំយោគ"។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា "សមិទ្ធផលការងារលេចធ្លោដែលសម្រេចបានឆ្លើយតបទៅនឹងការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សមិទ្ធផលលេចធ្លោដែលអាជ្ញាធរជាតិសម្រេចបានការអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល៖ ក្នុងគោលដៅអនុវត្តគោលការណ៍«សម្អាតផ្ទះយើង» និង«សម្អាតចកចេញពីផ្ទៃបឹង» មកដល់ពេលនេះមានមន្រ្តីរាជការចំនួនជាង១៣ម៉ឺននាក់បានធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ ក្នុងនោះរកឃើញ អ្នកវិជ្ជមានចំនួន១០៤នាក់ បណ្ដេញចេញ ចំនួន១០៣នាក់ និងកំពុងបន្តនីតិវិធីចំនួន ១នាក់។ ដោយឡែកក្នុងឆ្នាំ២០២៥នេះ មានចំនួន ១ម៉ឺន ២ពាន់នាក់ បានធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ ក្នុងនោះរកឃើញ អ្នកវិជ្ជមានចំនួន៥នាក់ បណ្តេញចេញ ចំនួន៥នាក់"។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងចំណុចខ្វះខាត ទោះបីជា អ.ជ.ប.គ.ញ. សម្រេចបានលទ្ធផល និងសមិទ្ធផលសំខាន់ៗជាច្រើនយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈម និងចំណុចខ្វះខាតដូចជា៖ កត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចទាំងនៅលើពិភពលោក និងតំបន់ បានធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបន្តធ្វើសកម្មភាពដាំដុះ ផលិតគ្រឿងញៀនទាំងធម្មជាតិ ពាក់កណ្ដាលសំយោគ សំយោគ និងការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ដើម្បីផលិតគ្រឿងញៀន។ ស្ថានភាពភូមិសាស្រ្ត និងហេដ្ឋារចនាសម្ពន័្ធព្រំដែន។ ការអនុវត្តភារកិច្ចនៅមានកម្រិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសម្រាប់មន្ត្រីអនុវត្តច្បាប់មួយចំនួនធ្វើ ឱ្យការចរាចរ ដឹកជញ្ជូន ជួញដូរ  និងរក្សាទុកគ្រឿងញៀន នៅតែបន្តកើតមានឡើងនៅក្នុងសហគមន៍ ជាពិសេសការចរាចរឆ្លងកាត់ច្រកព្រំដែន។ ការចូលរួមរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការផលិតមាតិកាសម្រាប់កម្មវិធីទូរស័ព្ទដៃ NoDrug នៅពុំទាន់ម្ចាស់ការនៅឡើយ។ កិច្ចសហការលើការគ្រប់គ្រង តាមដាន ត្រួតពិនិត្យលើការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀននិងសារធាតុគីមីផ្សំនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ក្រសួង ស្ថាប័នជំនាញ និងអាជ្ញាធរដែនដីរាជធានី ខេត្ត នៅពុំទាន់អនុវត្តបានតាមខ្លឹមសារ SOP។ មិនទាន់មានប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀនតាមបែបវិទ្យាសាស្ត្រ ធ្វើឱ្យផែនការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ពុំទាន់ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។ កិច្ចសហការជាអន្តរជាតិ និងការគាំទ្រពីដៃគូអភិវឌ្ឍទាំងបច្ចេកទេស និងសម្ភារៈ មានការថយចុះក្នុងខណៈពេលដែលស្ថានភាពទូទៅនៃគ្រឿងញៀននៅក្នុងតំបន់ និងពិភពលោក នៅតែមានភាពស្មុគស្មាញ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ


រូប៖ អេង សុគុណ,លឹម មុនី