ព័ត៌មានជាតិ

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ណែនាំឱ្យវេជ្ជបណ្ឌិត និងបុគ្គលិកគ្រប់ផ្នែក បន្តចូលរួមជំរុញការងារអភិវឌ្ឍន៍បច្ចេកទេសវេជ្ជសាស្ត្រ និងធ្វើទំនើបកម្ម ប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់ ជូនអ្នកជំងឺ ខណៈកម្ពុជាស្ថិតក្នុងបរិការណ៍ កំពុងមានបញ្ហាជម្លោះព្រំដែន

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ដែលប្រទេសកម្ពុជា កំពុងមានបញ្ហាជម្លោះព្រំដែន និងភាពមិនប្រាកដប្រជា បញ្ហាភូមិសាស្ត្រនយោបាយសកល, សូមថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និងបុគ្គលិកគ្រប់ផ្នែក គ្រប់អ៊ុយនីតេ បន្តចូលរួមជំរុញការងារអភិវឌ្ឍន៍បច្ចេកទេសវេជ្ជសាស្ត្រ និងធ្វើទំនើបកម្មលើការងារពិនិត្យ និងព្យាបាលជំងឺប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់ជូនអ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីជាបង្អែករឹងមាំផ្នែកសុខាភិបាល ដល់សង្គមជាតិរបស់កម្ពុជាទាំងមូល។


លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានណែនាំដូចនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។ លោក គង់ សន្យា ចាត់ទុក ប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ដោយស្ថានភាពពិភពលោកបច្ចុប្បន្ន កំពុងតែមានការកើនឡើងនូវអស្ថិរភាព និងជម្លោះប្រដាប់អាវុធទាំងនៅក្នុងតំបន់ និងពិភពលោក។


លោក គង់ សន្យា បន្ថែមថា ទន្ទឹមនេះ បញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏បានកើតឡើងពីរលើករួចមកហើយ ក្នុងឆ្នាំ២០២៥ និងកំពុងស្ថិតក្នុងសភាពផុយស្រួយនៅឡើយ។ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងស្ថិរភាព រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ជាពិសេសជម្រើសដោះស្រាយតាមការទូត និងការចចារ ក្នុងគោលបំណងបញ្ជៀសការបង្ហូរឈាម លើសមរភូមិឱ្យបាន ក្នុងកម្រិតអតិបរមា។ សន្តិភាព និងសន្តិសុខ មានគុណតម្លៃខ្លាំងណាស់ ដែលមិនអាចកាត់ថ្លៃបានឡើយ ហើយសន្តិភាពអាចស្ថិតស្ថេរបាន អាស្រ័យដោយមានការចូលរួមគ្រប់ពេលវេលា ពីយើងទាំងអស់គ្នា។
ក្នុងពិធីនេះដែរ, លោកអគ្គនាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះថ្នាក់ដឹកនាំ សហការី មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់ របស់មន្ទីរពេទ្យកាល់ម៉ែត ជាពិសេសស្ត្រី ដែលបច្ចុប្បន្នមានចំនួនរហូតដល់ ជាង១.៣០០នាក់ ស្មើនឹងជាង៥៥ភាគរយ នៃចំនួនមន្ត្រី-បុគ្គលិកសរុប ជាង២.៤០០នាក់របស់មន្ទីរពេទ្យ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញ និងបច្ចេកទេសរៀងៗខ្លួន ហើយមានសមត្ថភាពខ្ពស់ ក្នុងការពិនិត្យព្យាបាល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ បានយ៉ាងស្ទាត់ជំនាញ រួមមានដូចជា វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ ឱសថបណ្ឌិត ឱសថការី គិលានុបដ្ឋាក-យិកា ឆ្មប អ្នកបច្ចេកទេសវិទ្យុសាស្ត អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នករូបវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ វិស្វករអគ្គិសនី អ្នកបច្ចេកទេសបរិក្ខារជីវៈវេជ្ជសាស្ត្រ៕


អត្ថបទ៖ សន​ ពិសិដ្ឋ រូបភាព៖ លឹម មុនី