ក្រសួងបរិស្ថានសម្រេចផ្អាកដំណើរផលិតកម្ម ក្រុមហ៊ុន មួយនៅខេត្តស្វាយរៀង ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវ និងធ្វើ់ឱ្យប៉ះពាល់បរិស្ថាន
ស្វាយរៀង៖ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការសហការពីតំណាងរដ្ឋបាលក្រុងបាវិត ក្រុមប្រឹក្សាសង្កាត់ច្រកម្ទេស មន្ទីរបរិស្ថានខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានរកឃើញ ក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ដែលជាប្រភេទរោងចក្រកែច្នៃអាលុយមីញ៉ូម និងមានទីតាំងនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានដំណើរការផលិតកម្ម ដោយមិនទាន់មានឯកសារ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានធ្វើការទុកដាក់សំណល់ភក់ និងការបញ្ចេញសំណល់រាវ ពុំបានត្រឹមត្រូវ តាមបទដ្ឋានបរិស្ថាន និងនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន។
ពាក់ព័ន្ធបញ្ហានេះក្រសួងបរិស្ថាន បានសម្រេចឱ្យក្រុមហ៊ុនផ្អាកដំណើរផលិតកម្មជាបណ្តោះអសន្ន និងត្រូវបញ្ឈប់ការបង្ហូរសំណល់រាវជាបន្ទាន់ ទោះរូបភាពណាក៏ដោយ។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ពន្លឿនការស្នើសុំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវរៀបចំលិខិតអនុញ្ញាត ពាក់ព័ន្ធទាក់ទងនឹងវិស័យបរិស្ថានឱ្យបានត្រឹមត្រូវ ជាពិសេសលើការគ្រប់គ្រងសំណល់រឹង រាវ ដើម្បធានាភាពស្អាត និងមិនប៉ះពាល់សុខភាពបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨២៦ និងអនុលោមតាមមាត្រា២៨៧ និងមាត្រា ៦៦៨។
សូមបញ្ជាក់ថា ក្រុមមន្ត្រីជំនាញបានយកសំណាកសំណល់រាវ និងសំណាកទឹក នៅក្នុងប្រឡាយទឹកចំនួនសរុប ៦សំណាក មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន និងតាមដានបន្ថែម ករណីមានត្រីងាប់ នៅក្នុងប្រឡាយភាគខាងត្បូង ក្បែរទីតាំងក្រុមហ៊ុនស្ថានភាពទឹកប្រឡាយមានពណ៌ក្រម៉ៅ និងមានក្លិនស្អុយ។ ក្រៅពីនេះបានត្រួតពិនិត្យតាមដងប្រឡាយឃើញថា មានប្រព័ន្ធលូជាច្រើនចេញពីបណ្ដាក្រុមហ៊ុន ដែលកំពុងដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក តភ្ជាប់ចូលក្នុងប្រឡាយ។ នៅក្នុងប្រឡាយទឹកមួយកន្លែង ដែលពាក់ព័ន្ធនឹងរោងចក្រមួយចំនួន របស់តំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក នឹងហូរបន្តទៅបឹងខ្វាង៕