ព័ត៌មានជាតិ

កម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ

image

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសន្ទនាជាបន្តបន្ទាប់ប្រកបដោយភាពស្ថាបនារបស់ IMF ជាមួយកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជំនួបដែលពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ និងទាន់ពេលវេលា ខណៈដែលប្រទេសកម្ពុជាកំពុងបន្តពង្រឹងភាពធន់នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធអភិវឌ្ឍជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានលើកឡើងពីកិច្ចអន្តរាគមន៍យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តោតលើការផ្តល់សេវាកម្មទីផ្សារការងារជាក់ស្តែងសំខាន់ៗ ដូចជា ការពង្រឹងតួនាទីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការប្រមូលព័ត៌មាននៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយឱកាសការងារ តាមរយៈការបើកដំណើរការលេខទូរស័ព្ទ ១២៩៧ និងបណ្តាញសង្គម ព្រមទាំងការរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្តុះបណ្តាលជំនាញផងដែរ។

ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ដល់ពួកគាត់ ក៏ដូចជាយុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យទទួលបានជំនាញពិតប្រាកដក្នុងរយៈពេលខ្លី និងឆាប់ទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ បន្ថែមពីនេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករ ក្រសួងក៏បានផ្តល់ឱកាសធ្វើតេស្តទទួលស្គាល់សមត្ថភាពដែលមានពីមុន (RPL) ដោយឥតគិតថ្លៃ លើមុខជំនាញក្នុងវិស័យសំណង់ជាដើម។

ជាការឆ្លើយតប លោក Jochen M. Schmittmann បានថ្លែងអំណរគុណ និងកោតសរសើរដល់លោករដ្ឋមន្រ្តី ចំពោះការចែករំលែកពីយន្តការអន្តរាគមន៍ ការធ្វើសមាហរណកម្ម ក៏ដូចជាការធ្វើបច្ចុប្បន្នភាពពីស្ថានភាពអតីតពលករពីប្រទេសថៃ ហើយទិន្នន័យច្បាស់លាស់ទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ IMF។

លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា IMF នឹងបន្តភាពជាដៃគូជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IMF បន្ថែមទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕