ហុងគ្រី ស្នើអឺរ៉ុបឱ្យដកទណ្ឌកម្មផ្នែកថាមពលលើរុស្ស៊ី ក្រោយចោទអ៊ុយក្រែនថារាំងខ្ទប់ផ្លូវដឹកជញ្ជូនប្រេង
ហុងគ្រី៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័រប៊ែន (Viktor Orban) កាលពីដើមសប្ដាហ៍នេះ បានផ្ញើលិខិតទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ើស៊ូឡា វ៉ុនឌើឡេយ៉េន (Ursula von der Leyen) ដោយអំពាវនាវឱ្យសហភាពអឺរ៉ុប ផ្អាករាល់ទណ្ឌកម្មទាំងឡាយលើផ្នែកថាមពលរបស់រុស្ស៊ីជាបន្ទាន់ ។
ជុំវិញសំណើនេះ លោកបានពន្យល់ថា ការសម្រេចចិត្តខាងលើ ពិតជាចាំបាច់ខ្លាំងណាស់ ខណៈដែលតម្លៃប្រេងនៅក្នុងប្រទេសហុងគ្រី បានហក់ឡើងយ៉ាងខ្លាំង ដោយសារតែបញ្ហាផ្ទួនៗគ្នា ដូចជា សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទខ្ទប់របស់អ៊ុយក្រែនចំពោះការដឹកជញ្ជូនប្រេងពីរុស្ស៊ី ។
លោកអ័រប៊ែន បញ្ជាក់ថា «ការបិទផ្លូវប្រេងពីសំណាក់លោក ហ្សេលែនស្គី កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹមតែចំពោះហុងគ្រី និងស្លូវ៉ាគីប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សហភាពអឺរ៉ុបទាំងមូលតែម្ដង» ហើយដើម្បីដោះស្រាយវិបត្តិនេះ លោកបានស្នើឱ្យអឺរ៉ុបធ្វើការត្រួតពិនិត្យឡើងវិញ និងផ្អាករាល់ទណ្ឌកម្មលើថាមពលរបស់រុស្ស៊ី ដើម្បីកុំឱ្យតម្លៃសាំង និងប្រេងម៉ាស៊ូតហក់ឡើងដល់កម្រិតមួយដែលប្រជាជនមិនអាចទ្រាំទ្របាន ។
ដោយឡែក ជម្លោះរវាងហុងគ្រី ស្លូវ៉ាគី និងអ៊ុយក្រែន ក៏កាន់តែតានតឹងជាងមុន ដោយហុងគ្រី បានចោទអ៊ុយក្រែនថា មានចេតនាបញ្ឈប់ការបញ្ជូនប្រេងតាមបំពង់ ឌ្រូស្បា (Druzhba) ពីរុស្ស៊ីព្រោះតែមូលហេតុនយោបាយ ខណៈអ៊ុយក្រែនអះអាងថា បំពង់នោះរងការខូចខាតដោយសារតែការវាយប្រហាររបស់រុស្ស៊ី ។
ជាការឆ្លើយតប ហុងគ្រី និងស្លូវ៉ាគី បានផ្អាកការផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅឱ្យអ៊ុយក្រែនវិញ និងបានបដិសេធមិនព្រមគាំទ្រកញ្ចប់ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ីឡើយ រហូតទាល់តែមានការបញ្ជូនប្រេងតាមបំពង់ឌ្រូស្បា (Druzhba) សារជាថ្មី ។
ក្នុងពេលដំណាលគ្នា សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ក៏បានធ្វើឱ្យតម្លៃប្រេងឆៅពិភពលោកឡើងលើស ១០០ ដុល្លារក្នុងមួយបារ៉ែល ក្រោយពេលអ៊ីរ៉ង់ បានបិទច្រកសមុទ្រហ័រមូស (Hormuz) ជាផ្លូវដឹកជញ្ជូនប្រេង ២០% របស់ពិភពលោក។ ស្ថានភាពនេះ បានធ្វើឱ្យបណ្តាប្រទេសផលិតប្រេងក្នុងតំបន់មជ្ឈិមបូព៌ា ប្រកាសអាសន្នពីការដែលមិនអាចផ្គត់ផ្គង់ប្រេងតាមកិច្ចសន្យាបាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Janos Kummer/Getty images)/ Bernadett Szabo via Reuters