បារាំងបញ្ជូននាវាចម្បាំងជិត ១០គ្រឿងទៅមជ្ឈិមបូព៌ា ក្រោយលោកម៉ាក្រុង និយាយថា ការគំរាមកំហែងលើកោះសាយប្រឺស គឺគំរាមកំហែងអឺរ៉ុបទាំងមូល
បារាំង៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង បានបញ្ជូននាវាចម្បាំងជិត ១០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះចម្បាំង ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារនាវាដឹកទំនិញ និងនាវាដឹកប្រេង។ បន្ទាប់ពីជំនួបជាមួយមេដឹកនាំប្រទេសក្រិក និងដែនកោះសាយប្រឺស (Cyprus) កាលពីថ្ងៃចន្ទ លោកម៉ាក្រុង បានចាត់ទុកថា ការគំរាមកំហែងណាមួយលើសាយប្រឺស គឺជាការគំរាមកំហែងលើសន្តិសុខរួមរបស់សហភាពអឺរ៉ុប ។
បេសកកម្មយោធារបស់បារាំងខាងលើនេះ មានគោលដៅចម្បងគឺដើម្បី «បើកច្រកសមុទ្រហ័រមូស» ឡើងវិញ បន្ទាប់ពីផ្លូវដង្ហើមសេដ្ឋកិច្ចមួយនេះត្រូវបានកាត់ផ្តាច់ដោយសារតែសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា ខណៈច្រកសមុទ្រនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងឆៅ ២០% សម្រាប់ពិភពលោក ។
ការដាក់ពង្រាយកម្លាំងរបស់បារាំង ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលសងសឹកសំដៅមូលដ្ឋានទ័ពអង់គ្លេសនៅក្បែរនោះ។ លោក ម៉ាក្រុង អះអាងថា នេះគឺជាប្រតិបត្តិការការពារខ្លួនដោយសន្តិវិធី ដើម្បីធានាថាសេដ្ឋកិច្ចពិភពលោក មិនប្រឈមនឹងការដួលរលំព្រោះតែការរំខានដល់ការដឹកជញ្ជូនថាមពល ។
ក្រៅពីវិធានការយោធា លោក ម៉ាក្រុង ក៏បានព្យាយាមប្រើមធ្យោបាយការទូតដោយពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអ៊ែល ដើម្បីកាត់បន្ថយភាពតានតឹង។ លោកបានសង្កត់ធ្ងន់ថា ទាំងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអ៊ែល ត្រូវតែបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ដើម្បីការពារអាយុជីវិតប្រជាជនលីបង់ និងរក្សាបូរណភាពទឹកដីក្នុងតំបន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Gonzalo Fuentes/Reuters)/ Petros Karadjias via US News