ព័ត៌មានជាតិ

វិបត្តិជម្លោះព្រំដែន និងចលនាពហិការ ធ្វើឱ្យការនាំចូលរបស់កម្ពុជា ពីថៃ ធ្លាក់ចុះជាង ៤៥% ក្នុងរយៈពេលពីរខែដំបូង ឆ្នាំ២០២៦

image

ភ្នំពេញ៖ ក្នុងរយៈពេល ២ខែដំបូង ឆ្នាំ២០២៦នេះ កម្ពុជា បាននាំចូលមុខទំនិញពីប្រទេសថៃ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣១៨លានដុល្លារអាម៉េរិក បានធ្លាក់ចុះ ៤៥,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១២លានដុល្លារអាម៉េរិក ធ្លាក់ចុះ ២៩,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការធ្លាក់ចុះនៃការដោះដូរទំនិញរវាងប្រទេសទាំងពីរនេះ បណ្តាលមកពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ សកម្មភាពឈ្លានពានពីសំណាក់យោធាថៃ មកលើទឹកដីរបស់កម្ពុជា បានធ្វើឲ្យប្រជាពលដ្ឋកម្ពុជា ពហិការមិនប្រើប្រាស់ទំនិញថៃ ដោយងាកមកប្រើប្រាស់ទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងជំនួសវិញ។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងកាលពីខែមុននេះថា ទំនិញដែលនៅតែបន្តនាំចូលពីថៃ ភាគច្រើនជាឧបករណ៍ និងបរិក្ខារបម្រើវិស័យឧស្សាហកម្ម និងកសិកម្ម ព្រមទាំងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មធុនធំ។ ចំណែកទំនិញប្រើប្រាស់ប្រចាំថ្ងៃបានថយចុះយ៉ាងខ្លាំង ខណៈទំនិញហាមឃាត់ដូចជា ប្រេងឥន្ធនៈ បន្លែ និងផ្លែឈើ បានធ្លាក់ចុះដល់សូន្យភាគរយ។ លោកបញ្ជាក់ថា ដោយសារចលនាពហិការ ទំនិញថៃមួយចំនួនដែលលក់មិនចេញ ត្រូវបាននាំចេញត្រឡប់វិញ ខណៈខ្លះទៀតត្រូវដុតកម្ទេចចោល ដោយសារហួសសុពលភាពប្រើប្រាស់៕