ព័ត៌មានអន្តរជាតិ

លោកត្រាំ៖ លុះត្រាតែអ៊ីរ៉ង់បោះបង់មហិច្ឆតាអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ទើបអាម៉េរិកបញ្ឈប់ការវាយប្រហារ

image

សហរដ្ឋអាម៉េរិក៖ ក្នុងកិច្ចសម្ភាសន៍មួយកាលពីយប់ថ្ងៃទី៩ ខែមីនា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់លោកចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា។ ពាក់ព័ន្ធនឹងសំណួរដែលអ្នកសារព័ត៌មានសួរថា តើកម្រិតណាដែលលោកចាត់ទុកថាជា «ជ័យជម្នះគ្រប់គ្រាន់» សម្រាប់អាម៉េរិក លោក ត្រាំ បានឆ្លើយតបថា គឺនៅពេលដែលអ៊ីរ៉ង់លែងមានសមត្ថភាព ឬលែងមានគំនិតចង់បង្កើតអាវុធនុយក្លេអ៊ែរនៅពេលបន្ទាប់ទៀត ។

លោក ត្រាំ បានលើកឡើងថា កន្លងមកមេដឹកនាំអ៊ីរ៉ង់ មិនព្រមសន្យាថានឹងបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរឡើយ ទើបលោកសម្រេចចិត្តប្រើវិធីសាស្ត្រខាងលើ ដើម្បីដោះស្រាយបញ្ហានេះ។ លោកជឿថា ប្រតិបត្តិការយោធាដែលលោកបានដាក់ចេញមកនេះ នឹងធ្វើឱ្យអ៊ីរ៉ង់បាត់បង់សមត្ថភាពទាំងស្រុងក្នុងការបង្កើតអាវុធសម្រាប់ប្រើប្រាស់ក្នុងការប្រឆាំងនឹងសហរដ្ឋអាម៉េរិក អ៊ីស្រាអ៊ែល ឬបណ្ដាសម្ព័ន្ធមិត្តផ្សេងទៀតក្នុងតំបន់ ក្នុងរយៈពេលជាយូរទៅមុខទៀត ។

លើសពីនេះ លោកប្រធានាធិបតី បញ្ជាក់ដែរថា បើគ្មានប្រតិបត្តិការ មីដណាយ ហាមម័រ «Midnight Hammer» (ញញួររាត្រី) របស់អាម៉េរិកនោះទេ អ៊ីរ៉ង់ប្រាកដជាអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយនឹងលេបត្របាក់តំបន់មជ្ឈិមបូព៌ាទាំងមូល។ លោកសង្កត់ធ្ងន់ថា បណ្ដាប្រទេសអ្នកមាននៅមជ្ឈិមបូព៌ា ពិតជាមានសំណាងណាស់ដែលមានរូបលោកជាប្រធានាធិបតីអាម៉េរិក ដែលបានជួយការពារពួកគេពីការបាញ់ស្រោចមីស៊ីលរាប់ពាន់គ្រាប់របស់អ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Mark Schiefelbein/AP)/ Al Jazeera/ (AFP/ Getty Images)