មនុស្ស ៤៨៦នាក់ស្លាប់ អំឡុងអ៊ីស្រាអ៊ែល បង្កើនការវាយប្រហារលើលីបង់ ខណៈអ្នកជំនាញយល់ថា នោះជាមហិច្ឆតាពង្រីកទឹកដី
លីបង់៖ ស្ថានការណ៍នៅក្នុងប្រទេសលីបង់ ហាក់កំពុងឈានទៅរកវិនាសសកម្ម ក្រោយពីកងទ័ពអ៊ីស្រាអ៊ែល បានបញ្ជាឱ្យប្រជាជនជម្លៀសខ្លួនចេញពីភាគខាងត្បូង ព្រមទាំងបើកការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអ៊ែល បានព្រមានថា តំបន់ដាហ៊ីយ៉ា (Dahiya) អាចនឹងត្រូវខ្ទេចខ្ទីដូចតំបន់ហ្គាហ្សា ។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា គិតចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ មនុស្សប្រហែល ៤៨៦ នាក់បានបាត់បង់អាយុជីវិត និង ១,៣១៣ នាក់ផ្សេងទៀតទទួលរងរបួស ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអ៊ែល ។
អ្នកជំនាញយល់ថា ការវាយប្រហារនេះមិនមែនត្រឹមតែជាការការពារខ្លួនរបស់អ៊ីស្រាអ៊ែលនោះទេ ប៉ុន្តែវាគឺជាផ្នែកនៃយុទ្ធសាស្ត្រពង្រីកទឹកដីដែលអ៊ីស្រាអ៊ែលប៉ងប្រាថ្នាចង់បានជាយូរមកហើយ។ មហិច្ឆតានេះមានគោលដៅគ្រប់គ្រងតំបន់ជុំវិញ រួមមានលីបង់ និងស៊ីរី ដើម្បីបង្កើតជាតំបន់ឥទ្ធិពលដ៏ធំមួយដែលគេហៅថា «មហាអ៊ីស្រាអ៊ែល» ។
អ៊ីស្រាអ៊ែល បានប្រើប្រាស់ទ័ពរាប់សែននាក់ក្នុងការវាយលុកតាមផ្លូវគោក ដោយសង្គ្រាមនេះ ត្រូវគេមើលឃើញថា មានការគាំទ្រពីក្រោយខ្នងដោយប្រទេសមហាអំណាច។ ការណ៍នេះ បានរុញច្រានឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូល ធ្លាក់ក្នុងវិបត្តិសង្គ្រាមរីករាលដាលកាន់តែធំទៅៗ ដែលពិបាកនឹងស្តារមកវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT/ China.org.cn | រូបភាព៖ RT/ Anera/ File Photo via IANS