យោធាអ៊ីរ៉ង់ ព្រមានអាម៉េរិក និងអ៊ីស្រាអ៊ែល ថា បើអាចទ្រាំទ្រនឹងតម្លៃប្រេងលើស ២០០ ដុល្លារ ក៏បន្តល្បែងសង្គ្រាមទៀតចុះ
អ៊ីរ៉ង់៖ លោក អ៊ីប្រាហ៊ីម ហ្សុលហ្វាហ្គារី (Ebrahim Zolfaghari) ដែលជាអ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានមជ្ឈិម ខាមថាម អាល់អាន់ប៊ីយ៉ា (Khatam al-Anbiya) របស់អ៊ីរ៉ង់ បានចេញមុខព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលថា ប្រសិនបើសង្គ្រាមនៅតែបន្ត វានឹងរុញច្រានតម្លៃប្រេងឱ្យហក់ឡើងលើស ២០០ ដុល្លារក្នុងមួយបារ៉ែល។ លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើអ្នកទាំងនោះ អាចទ្រាំទ្របាននឹងតម្លៃប្រេង ២០០ ដុល្លារ ក៏សូមបន្តលេងល្បែងសង្គ្រាមនេះទៀតចុះ» ។
ទោះជាបែបណាក្ដី លោកបានអំពាវនាវឱ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសមូស្លីម ប្រញាប់ព្រមានអាម៉េរិក និងអ៊ីស្រាអ៊ែល កុំឱ្យបន្តសកម្មភាពដ៏សាហាវឃោរឃៅនេះទៀត ដើម្បីកុំឱ្យភ្លើងសង្គ្រាមរីករាលដាលកាន់តែខ្លាំង។ មុនពេលសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ តម្លៃប្រេងស្ថិតនៅត្រឹមប្រហែល ៧០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាបានហក់ឡើងដល់ ១២០ ដុល្លារហើយ ដោយសារតែក្ដីព្រួយបារម្ភពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង ២០% សម្រាប់ពិភពលោក ។
មន្ត្រីអ៊ីរ៉ង់រូបនេះ បានចោទប្រកាន់ថា អាម៉េរិក និងអ៊ីស្រាអ៊ែល បានកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ខណៈអ៊ីរ៉ង់អះអាងថា ខ្លួនបានព្យាយាមអត់ធ្មត់មិនទាន់វាយបកតាមរបៀបដូចគ្នាវិញនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជិតខាងដូចជា គុយវ៉ែត បារ៉ែន អារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម បានរាយការណ៍ថា ទីតាំងស៊ីវិល និងប្រព័ន្ធថាមពលរបស់ពួកគេ ក៏រងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ។
គួររំឭកថា សង្គ្រាមដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈនេះ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើន ដោយខាងអ៊ីរ៉ង់ រាយការណ៍ថា មានអ្នកស្លាប់លើសពី ១,២០០ នាក់ រួមទាំងមេដឹកនាំកំពូលលោក អាលី ខាមីនី នៅក្នុងចំណោមនោះដែរ។ កាលពីថ្ងៃអាទិត្យកន្លងទៅ កូនប្រុសរបស់លោក គឺលោក ម៉ូចតាបា ខាមីនី (Mojtaba Khamenei) ទទួលបានការតែងតាំងជាមេដឹកនាំបន្តតំណែង ដើម្បីដឹកនាំអ៊ីរ៉ង់ក្នុងស្ថានភាពដ៏តានតឹងនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ US Navy Photo/ File Photo via IANS