ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ រយៈពេល១០ឆ្នាំ កន្លងទៅ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានការប្រែប្រួលវិវត្តឈានឡើងឥតឈប់ឈរ ដែលបានបម្រើសេវា ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព

image

ភ្នំពេញ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធិផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញភារកិច្ចបម្រើសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព ប្រសិទ្ធភាព ប្រកបដោយសមភាព មិនមានការរើសអើង ជាពិសេសការយកចិត្តទុកដាក់បម្រើសេវា ដោយផ្តោតទៅលើសុវត្ថិភាពអ្នកជំងឺជាចម្បង «ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់មន្ត្រីសុខាភិបាលទាំងមូល»។

រយៈពេល១០ឆ្នាំ កន្លងទៅនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានការប្រែប្រួលវិវត្តឈានឡើងឥតឈប់ឈរ ទាំងលើការងារបច្ចេកទេស ការគ្រប់គ្រង ការបណ្តុះបណ្តាលមូលធនមនុស្ស និងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តផ្សេងៗ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្ទីរពេទ្យ បន្តការលើកកម្ពស់ការគ្រប់គ្រង និងលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ក្នុងពេលបម្រើសេវាថែទាំ និងព្យាបាល ពិសេសមធ្យោបាយសេវាបញ្ជូន សង្គ្រោះបន្ទាន់ និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ ព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើការធ្វើបដិសណ្ឋារកិច្ច ការគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ការសន្តោស ក្តីករុណា និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំពោះវីរៈភាពអង់អាចក្លាហាន និងស្មារតីស្រឡាញ់ជាតិមាតុភូមិ ដែលមិនរាថយ សាមគ្គីភាពជាធ្លុងមួយ ក្នុងអំឡុងពេលសង្រ្គាមឈ្លានពានរបស់ថៃ ទាំងក្រុមគ្រូពេទ្យនៅសមរភូមិមុខ ក៏ដូចជានៅក្នុងមន្ទីរពេទ្យផ្ទាល់ គឺជាកងទ័ពអាវសដ៏មោះមុត ក្លាហាន ហើយស្ថិតក្នុងឯកសណ្ឋាន «ស» ជានិច្ច។

ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទាន ដល់អង្គសន្និបាត ដោយត្រូវពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយថែរក្សា និងកែលម្អអគារ បរិវេណមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង, លើកកម្ពស់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេសថ្មីៗ ដោយនវានុវត្តន៍ សមស្របទៅតាមកម្រិតនិយាមជាតិ និងអន្តរជាតិ និងត្រូវបន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើបដិសណ្ឋារកិច្ចរបស់បុគ្គលិក។

ជាមួយគ្នានោះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង វិន័យ ភាពទទួលខុសត្រូវ ក្នុងពេលបំពេញការងារ, ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងប្រព័ន្ធបញ្ជូន ប្រព័ន្ធទំនាក់ទំនងផ្សេងៗ, ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ ហើយមន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ ដើម្បីកែលម្អនូវចំណុចខ្វះខាត និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ ក្នុងការអភិវឌ្ឍឱ្យកាន់តែល្អថែមទៀត៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ