សមាជិកថ្មីកាយរឹទ្ធកម្ពុជា នៅស្រុកមាសហែក ត្រូវបានបំពាក់កន្សែង និងផ្តល់វិញ្ញាបត្របញ្ចប់ការសិក្សា វគ្គតម្រង់ទិសកាយរឹទ្ធិកម្ម
ស្វាយរៀង៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទិ្ធ នៅស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសមាជិកនៃកាយរឹទិ្ធជាតិកម្ពុជា។
លោក សុខ សូកេន មានប្រសាសន៍ថា ចលនាកាយរឹទ្ធិកម្ពុជា ជាកម្លាំងចលករមួយយ៉ាងសំខាន់ ដើម្បីចូលរូមចំណែកអភិវឌ្ឍកុមារ និងយុវជន អោយមានសក្តានុពលផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មរតី និងសតិអារម្មណ៍ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានចំនួនច្រើនជាងគេបំផុតរហូតដល់៦០លាននាក់។ ដោយឡែកសម្រាប់កម្ពុជា
ចលនានេះ ត្រូវបានបង្កើតដំបូងបំផុតនៅក្នុងឆ្នាំ១៩៣៤ មានឈ្មោះថា “អង្គការខេមរកាយរឹទ្ធ” និងក្នុងឆ្នាំ២០០០ បានប្តូរឈ្មោះជា សមាគមកាយរឹទ្ធិកម្ពុជា ។
រីឯចលនាកាយរឹទ្ធិ សម្រាប់ស្រុករមាសហែក នឹងបានផ្តល់ឱកាសបន្ថែមលើសពីអ្វី ដែលរៀននៅក្នុងថ្នាក់។ ម្យ៉ាងវិញទៀត ចលនានេះបាននឹងកំពុងរួមចំណែក យ៉ាងសំខាន់ ក្នុងការកាត់បន្ថយសកម្មភាពអវិជ្ជមាននានានៅតាមមូលដ្ឋាន និងសង្គមជាតិ របស់យើង តួយ៉ាងដូចជាក្រុមក្មេងទំនើង ការធ្លាក់ខ្លួនជាជនរងគ្រោះដោយសារគ្រឿងញៀន ការបោះបង់ការសិក្សាអប់រំ ការបង្កការការព្រួយបារម្ភរបស់អាណាព្យាបាល និងការធ្លាក់ខ្លួនក្នុងវិបត្តិផ្លូវចិត្តជាដើម ដែលតម្រូវឱ្យចលនាកាយរឹទ្ធិចូលរួមចំណែកសំខាន់ជាមួយ រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ។
លោក សុខ សូកេន បានបន្ថែមថា ចលនាកាយរឹទ្ធិបានដើរតួយ៉ាងសំខាន់ដូចជា ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការអភិវឌ្ឍបុគ្គលិកលក្ខណៈ ការបង្កើន មិត្តភាព និងឱកាសផ្សេងទៀត ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សដែលចូលរួមបម្រើ ផលប្រយោជន៍សង្គមជាតិ និង វេទិកានានា ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងកម្រិតសកលលោក តាមរយៈសកម្មនានា រួមមាន៖ ការបោះជំរំ សិក្ខាសាលា និងកម្មវិធីអ្នកនាំសារសន្តិភាព ជាដើម។
លោក សុខ សូកេន បន្តថា ចលនាកាយរឹទ្ធិស្រុករមាសហែកគិតមកដល់ពេលនេះមាន ៣៨៩នាក់ ដែលបេសកកម្មរបស់ពួកគាត់ ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការអប់រំបែបកាយរឹទិ្ធកម្ម ត្រូវដាក់បញ្ចូលទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សា ក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមសាលារៀនគំរូ។
កាយរឹទ្ធិជាតិកម្ពុជា គឺជាអង្គការអប់រំស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន មិនធ្វើនយោបាយ និងមិនរើសអើង ដោយធ្វើសកម្មភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមាន សក្តានុពលពេញលេញ ឱ្យក្លាយទៅជាពលរដ្ឋល្អ និងមានការទទួលខុសត្រូវ។ រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញចលនាកាយរឹទ្ធិ ឱ្យក្លាយជាយន្តការមួយដ៏មានប្រសិទ្ធភាព ក្នុងការ អប់រំ និងហាត់ពត់លត់ដំ ទាំងគំនិត, ប្រាជ្ញា, ស្មារតី ព្រមទាំងកាយសម្បទារបស់យុវជន និងកុមារឱ្យមានភាពសកម្ម ដើម្បីអភិវឌ្ឍខ្លួនជាធនធានមនុស្សដែលមានសមត្ថភាព មាន ចំណេះដឹង សីលធម៌ គុណធម៌ និងចរិយាសម្បត្តិថ្លៃថ្នូរ ជាពិសេស ជាពលរដ្ឋល្អមានស្មារតី ស្នេហាជាតិខ្ពស់ ស្របតាមចក្ខុវិស័យរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ គឺ «កសាង ពិភពលោកមួយដ៏ស្រស់ត្រកាល»៕