ព័ត៌មានជាតិ

សម្តេចបវរធិបតីនហ៊ុន ម៉ាណែត ៖ ការអានជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាព

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "ការអានជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ"។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈសំណេរនាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ « សំណេរ និងអំណានក្នុងបរិបទថ្មី » ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាននៅក្នុងសង្គម និងជំរុញឱ្យកុមារ យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ មានការចាប់អារម្មណ៍ក្នុងការអានសៀវភៅ និងស្វែងយល់ចំណេះដឹងថ្មីៗជាបន្តបន្ទាប់។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់ប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំនៅចំថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំលឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ និងចងក្រងវចនានុក្រមខ្មែរ ដែលមានការទទួលស្គាល់ និងប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន។ ការប្រារព្ធទិវាជាតិអំណាននេះឡើងក្នុងគោលបំណងបន្តបណ្ដុះទម្លាប់អាន និងសរសេរ ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕