ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ដល់អ្នកវិនិយោគិនឱ្យប្រយ័ត្នពីការចាញ់បោកឈ្មួញកណ្តាល

image

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានប្រាប់ដល់អ្នកវិនិយោគិនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការចាញ់បោកឈ្មួញកណ្តាល ហើយករណីនេះបានកើតមានច្រើនលើកមកហើយនៅក្នុងខេត្តកំពង់ស្ពឺ។ ការចាញ់បោកនេះ ដូចជាការដាក់លុយឱ្យទិញដី រត់ការឯកសារគតិយុត្តផ្សេងៗ ហើយក្រោយទទួលបានលុយកាក់ ឈ្មួញកណ្តាលទាំងនោះក៏បានគេចខ្លួនបាត់ ដែលទីបំផុតបន្ទុកទាំងអស់ត្រូវបានធ្លាក់មកលើអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តជាអ្នកដោះស្រាយ។

លោក ជាម ច័ន្ទសោភ័ណ បានក្រើនរម្លឹកបែបនេះក្នុងឱកាសជួបសំណេះសំណាល និងស្វែងយល់ពីសក្តានុពលខេត្តជាមួយអ្នកវិនិយោគិននៃទីក្រុងប៉េកាំង ប្រទេសចិន រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ លោកបានលើកឡើងថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគិននានា ពិសេសអ្នកវិនិយោគិននៃសាធារណរដ្ឋប្រជាមានិតចិន ដែលគិតមកទល់ពេលនេះខេត្តមានអ្នកវិនិយោគិនចិនប្រមាណជាង៩៥%។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីបញ្ជៀសនូវហានិភ័យនេះ គប្បីអ្នកវិនិយោគិនទាំងអស់ ទំនាក់ទំនង់ដោយផ្ទាល់មករដ្ឋបាលខេត្ត ឬមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានជាក់លាក់ជុំវិញការដាក់ទុន ទីតាំងវិនិយោគ។ ម្យ៉ាងវិញទៀត ការទំនាក់ទំនងផ្ទាល់មកអាជ្ញាធរ ឬអង្គភាពពាក់ព័ន្ធគឺមានសុវត្ថិភាពគ្រប់គ្រាន់ ពិសេសបានការណែនាំ និងចង្អុលបង្ហាញចំគោលដៅដែលអ្នកវិនិយោគចង់បាន។ ក្នុងនោះក៏បានឱកាសក្នុងការជួយសម្របសម្រួល ជ្រោមជ្រែង និងលើកទឹកចិត្តពីគណបញ្ជាការឯកភាពខេត្តដោយផ្ទាល់ផងដែរ៕

ដោយ៖ ប៊ុត សារុន