ព័ត៌មានជាតិ

ក្រសួងការងារនឹងនាំយកឱកាសការងារជិត ១ពាន់កន្លែងទៅកាន់ខេត្តកំពង់ចាម សម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ

image

កំពង់ចាម៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារសរុបចំនួន ៩១៩ កន្លែងតាមរយៈ«វេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ទៅកាន់ខេត្ដកំពង់ចាមសម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ ដែលរៀបចំនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖«អតីតពលករខ្មែរ និងអ្នកស្វែងរកការងារ អាចចូល​រួមវេទិការនេះចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៤:០០ល្ងាច ដើម្បីចាប់យកឱកាសការងារដែលខ្លួនពេញចិត្ត អាចប្រឹក្សាផ្ទាល់ពីក្រុមហ៊ុន និងទទួលបានព័ត៌មានអំពីដំណើរចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័»។

បើតាមអ្នកនាំពាក្យថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជា​មួយគណៈ​កម្មា​ធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរៀបចំវេទិកាការងារ និង​យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការសហការនេះក៏ទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ(ILO) និងដៃគូ​អាជីវ​កម្ម​ជា​ច្រើនផ្សេងទៀត។

ក្នុងកម្មវិធីនេះ អ្នកចូលរួមនឹងមានឱកាសដាក់ CV ភ្លាម និងទទួលសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនភ្លាមៗ និងអត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ បងប្អូនចាប់អារម្មណ៍អាចទាក់ទង NEA តាមលេខ ០១៧ ៤៦៧ ៤២៣ ឬ ០៨៨ ៩០៩ ៩៦៩៩ និងតាមគេហទំព័រ www.nea.gov.kh សម្រាប់ព័ត៌មានលម្អិត៕