ព័ត៌មានជាតិ

ក្រុមមេដឹកនាំហិរញ្ញវត្ថុអឺរ៉ុប ព្រមានពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរយៈពេលវែង ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា

image

ប្រ៊ុចសែល៖ មេដឹកនាំហិរញ្ញវត្ថុនៃក្រុមយូរ៉ូគ្រុប (Eurogroup) នាពេលថ្មីៗនេះ បានធ្វើការព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ចរបស់អឺរ៉ុប។ មន្ត្រីជាន់ខ្ពស់នៃក្រុមនេះ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងថ្លៃប្រេងពុំធ្លាប់មាន និងការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ការផ្គត់ផ្គង់ថាមពល និងធ្វើឱ្យតម្លៃទំនិញកើនឡើង ។

ប្រធានក្រុមយូរ៉ូគ្រុប (Eurogroup) លោក គីរ៉ាកូស ភៀរ៉ាកាគីស (Kyriakos Pierrakakis) និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្រិក បានបញ្ជាក់ថា «យើងត្រូវតែត្រៀមខ្លួនសម្រាប់ភាពមិននឹងនររយៈពេលវែង ដែលអាចបង្កឱ្យមានការរំខានដល់ការដឹកជញ្ជូន និងការឡើងថ្លៃថាមពល»។ ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅយប់ថ្ងៃចន្ទ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានអះអាងថា សង្គ្រាមនេះនឹងអាចបញ្ចប់ឆាប់ៗ»។ ទោះយ៉ាងណាក្ដី មន្ត្រីអឺរ៉ុបខ្លះទៀត បានព្រមានថា បើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅតែបន្តរងការវាយប្រហារ នោះវានឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ។

ក្រៅពីនេះ ក្រុមមេដឹកនាំអឺរ៉ុប អះអាងថា ខ្លួនត្រូវតែបន្តដាក់សម្ពាធលើរុស្ស៊ី ដើម្បីកុំឱ្យរុស្ស៊ីមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមសម្រាប់ធ្វើសង្គ្រាម ខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យតម្រូវការប្រេង និងហ្គាសរបស់រុស្ស៊ីកើនឡើងខ្លាំង។ នាយកគ្រប់គ្រងនៃយន្តការស្ថិរភាពអឺរ៉ុប (ESM) លោក ភើរី ហ្គ្រាម៉េងហ្គា (Pierre Gramegna) បានកត់សម្គាល់ថា ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់ផ្ទុះឡើងមក ភាគហ៊ុននៅអឺរ៉ុបបានធ្លាក់ចុះប្រមាណ ៩% ខណៈតម្លៃប្រេងបានកើនឡើងប្រហែល ៤០% ដែលជាល្បឿនលឿនជាងពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនទៅទៀត ។

នាពេលបច្ចុប្បន្ន វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ បានរុញតម្លៃប្រេងឆៅឱ្យឡើងលើស ១០០ ដុល្លារក្នុងមួយបារ៉ែល ហើយការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវឆ្លងកាត់នៃប្រេងប្រមាណជា ២០% នៃពិភពលោក បានធ្វើឱ្យទីផ្សារថាមពលសកលស្ថិតក្នុងស្ថានភាពតានតឹងបំផុត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ US Navy Photo/ File Photo via IANS