បង់ក្លាដែស បិទសកលវិទ្យាល័យ និងកាត់បន្ថយការប្រើប្រាស់ថាមពល ជុំវិញវិបត្តិប្រេងឥន្ធនៈដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់
បង់ក្លាដែស៖ ពេលនេះ ប្រទេសបង់ក្លាដែស កំពុងជួបប្រទះនឹងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមករវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់។ ដើម្បីទប់ទល់នឹងស្ថានភាពនេះ រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចចិត្តបិទសកលវិទ្យាល័យទូទាំងប្រទេស និងដាក់ចេញនូវវិធានការសន្សំសំចៃប្រេងឥន្ធនៈយ៉ាងតឹងរ៉ឹង ។
នៅតាមដងផ្លូវក្នុងទីក្រុងដាកា (Dhaka) កាលពីដើមសប្ដាហ៍នេះ គេឃើញសិស្សានុសិស្សសម្រុកចាកចេញពីគ្រឹះស្ថានអប់រំ បន្ទាប់ពីមានការបញ្ជាឱ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន។ ប្រជាពលរដ្ឋម្នាក់ បានលើកឡើងថា ការបិទសាលារៀននឹងជួយកាត់បន្ថយសម្ពាធលើទីក្រុង, កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសន្សំសំចៃអគ្គិសនីបានមួយកម្រិតធំសម្រាប់ប្រទេសនេះ ។
ក្រៅពីការបិទសាលារៀន រដ្ឋាភិបាលបានបញ្ជាឱ្យការិយាល័យរដ្ឋ និងឯកជនទាំងអស់កាត់បន្ថយការប្រើប្រាស់អគ្គិសនីជាបន្ទាន់ រួមទាំងការកាត់បន្ថយភ្លើងបំភ្លឺ និងកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យនៅត្រឹមពាក់កណ្តាលនៃកម្រិតធម្មតា។ មូលហេតុដែលនាំឱ្យបង់ក្លាដែសជួបវិបត្តិនេះ គឺដោយសារតែការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ។
នៅពេលការផ្គត់ផ្គង់ប្រេង និងឧស្ម័នពិភពលោកត្រូវកាត់ផ្តាច់ តម្លៃថាមពលបានហក់ឡើងថ្លៃខ្លាំង ដោយបង្ខំឱ្យប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដូចជាបង់ក្លាដែស ត្រូវចាត់វិធានការសង្គ្រោះបន្ទាន់ ហើយប្រជាពលរដ្ឋបង់ក្លាដែសភាគច្រើន បានសម្តែងក្តីព្រួយបារម្ភជុំវិញបញ្ហានេះ ប៉ុន្តែក៏មានក្តីសង្ឃឹមផងដែរថា សង្គ្រាមនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីឱ្យជីវភាពរស់នៅរបស់ពួកគេវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ US Navy Photo/ File Photo via IANS