សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូ ពង្រឹងសមត្ថភាពម្ចាស់អាជីវកម្ម និងសហគ្រិន លើភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាមួយស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» ដើម្បីផ្សព្វផ្សាយការយល់ដឹង និងពង្រឹងសមត្ថភាពដល់ម្ចាស់អាជីវកម្ម និងសហគ្រិនកម្ពុជា ក្នុងការធានាសុវត្ថិភាពផលិត ផលស្របតាមស្តង់ដារអន្តរជាតិ និងចៀសវាងរបាំងបច្ចេកទេសពាណិជ្ជកម្ម។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ, លោក ចាន់ សីហា អគ្គនាយករង ធនាគាររងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអង្គភាពពាក់ព័ន្ធ៊ សមាជិក-សមាជិកា សមាគម ពាណិជ្ជករ អាជីវករ សិប្បករ ប្រមាណ ១០០នាក់។
ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា សិក្ខាសាលានេះមានគោលបំណងតម្រង់ទិសម្ចាស់អាជីវកម្ម និងសហគ្រិន ឱ្យយល់ដឹងច្បាស់អំពីនីតិវិធីស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) និងវិធានដើមកំណើតទំនិញ ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ។
ឧកញ៉ា បានបន្តថា នៅក្នុងបរិបទសេដ្ឋកិច្ចសកលភាវូបនីយកម្ម ការនាំចេញផលិតផលកសិកម្ម និងផលិតផលផ្សេងៗ មិនមែនគ្រាន់តែជាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តតាមលក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានគតិយុត្តដែលកំណត់ដោយប្រទេសនាំចូល។ ដូច្នេះ ការយល់ដឹងអំពីស្តង់ដារ និងនីតិវិធីនានា គឺជាកត្តាសំខាន់សម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារនាំចេញផលិតផលខ្មែរ។
ឧកញ៉ា បន្ថែមថា សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាតំណាងផ្លូវការរបស់វិស័យឯកជននៅកម្ពុជា តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍវិស័យធុរកិច្ច និងបង្កើតបរិយាកាសវិនិយោគប្រកបដោយសុខសន្តិភាព ស្ថិរភាព និងភាពប្រកួតប្រជែងខ្ពស់ សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
ក្នុងឱកាសនោះផងដែរ លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ថា ការអនុវត្តតាមច្បាប់ភូតគាមអនាម័យ និងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺជាគន្លឹះសំខាន់សម្រាប់ដោះស្រាយរបាំងពាណិជ្ជកម្ម និងកសាងទំនុកចិត្តជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ។
លោក បានលើកឡើងថា ការបញ្ជាក់ឱ្យបានច្បាស់ថា ផលិតផលមានសុវត្ថិភាព និងមានប្រភពដើមត្រឹមត្រូវពីកម្ពុជា មិនត្រឹមតែជួយការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យផលិតផលមានភាពប្រកួតប្រជែងប្រកបដោយចីរភាព និងទទួលបានអត្ថប្រយោជន៍ពន្ធនៅទីផ្សារអន្តរជាតិ។ លោកក៏បានបញ្ជាក់ថា ការអនុវត្តស្តង់ដារភូតគាមអនាម័យក្នុងវិស័យកសិកម្ម ត្រូវការការចូលរួមពីគ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម រួមមាន អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកផ្តល់សេវាដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានជំរុញឱ្យម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផលិតផលកសិកម្ម និងកែច្នៃ ផ្តោតលើគុណភាព អនាម័យ និងសុវត្ថិភាពផលិតផលជាចម្បង។ ឯកឧត្តមបានលើកឡើងថា សុវត្ថិភាពចំណីអាហារ គឺជាបញ្ហាសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ ដែលតែងតែយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន។
លោកបានបន្តថា ដើម្បីទទួលបានជោគជ័យក្នុងការនាំចេញ អ្នកផលិត និងអ្នកនាំចេញត្រូវផ្តោតលើគុណភាព និងសុវត្ថិភាពផលិតផលសម្រាប់ទីផ្សារក្នុងស្រុកជាមុនសិន មុននឹងពង្រីកទៅទីផ្សារអន្តរជាតិ។ ព្រោះប្រទេសនីមួយៗ មានរបាំងភូតគាមអនាម័យ និងតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញយ៉ាងច្បាស់ ដើម្បីការពារសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។
ក្នុងឱកាសបិទសិក្ខាសាលា ឧកញ៉ា នួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា សិក្ខាសាលានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរស់រវើក និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកចូលរួម។
ឧកញ៉ា បានបញ្ជាក់ថា ភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) គឺជាកត្តាសំខាន់ក្នុងការធានាគុណភាព និងជួយឱ្យផលិតផលខ្មែរ អាចឆ្លងកាត់របាំងបច្ចេកទេសទៅកាន់ទីផ្សារអន្តរជាតិបានដោយជោគជ័យ។ ដូច្នេះ ម្ចាស់អាជីវកម្មត្រូវអនុវត្តស្តង់ដារជាប្រព័ន្ធ ចាប់ពីដំណាក់កាលផលិត ការកែច្នៃ រហូតដល់ការវេចខ្ចប់ ដើម្បីធានាគុណភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់។
ទន្ទឹមនឹងនេះ ឧកញ៉ា ក៏បានជំរុញឱ្យសហគ្រិនប្រើប្រាស់យន្តការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ដូចជា សភាពាណិជ្ជកម្មកម្ពុជា សហគ្រិនខ្មែរ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ និងធនាគារ ARDB ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងការតភ្ជាប់ទីផ្សារ សម្រាប់ជំរុញការនាំចេញផលិតផលខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
សិក្ខាសាលាខាងលើនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
សូមជម្រាបជូនផងដែរថា សិក្ខាសាលាខាងលើនេះទទួលបាន ការសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍជំនាញ ការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភដោយ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង ខេមបូឌា ម.ក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កំពង់ផែស្វយ័តភ្នំពេញ SENGKREE Printing& Embroidery និង W-KING CAMBODIA៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត