ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់កសិកម្ម​ រំពឹងថា​ ជណ្តើរត្រីមិនត្រឹមតែបង្កើនផលិតភាពទិន្នផលត្រីទេ​ តែនឹងជួយប្រយោជន៍ទាំងបរិស្ថាន និងសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន

image

កំពង់ស្ពឺ៖ ហេដ្ឋារចនាសម្ព័ន្ធថ្មីជណ្តើរត្រីនៅស្ទឹងព្រែកត្នោតនៃខេត្តកំពង់ស្ពឺ​ នឹងបង្កើនផលិតភាពទិន្នផលត្រីពីមួយឆ្នាំទៅមួយឆ្នាំដែលនឹងជួយជាប្រយោជន៍ដល់បរិស្ថាន​ និងសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន។​ នេះបើយោងតាមការលើកឡើងរបស់លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ពេលដឹកនាំមន្ត្រីជំនាញ​ និងក្រុមការងារបច្ចេកទេសនៃប្រទេសប្រទេសអូស្ត្រាលី សម្ពោធដាក់ឱ្យប្រើប្រាស់ជណ្តើរត្រី នៅចំណុចទំនប់តាអ៊ួន ស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ​ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

លោក ឃុន សាវឿន បានលើកឡើងថា ជណ្តើរត្រីគឺជាសមិទ្ធផលថ្មីសន្លាងសម្រាប់ខេត្តកំពង់ស្ពឺ ដែលត្រូវសាងសង់ឡើងក្រោមជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្ត្រាលី។​ ជណ្ដើរត្រីនេះ ជាសំណង់ដែលសង់ឡើងជួយសម្រួលដល់ការបម្លាស់ទីរបស់ត្រីប្រមាណជាង​ ១០០ប្រភេទ​ នៅរដូវត្រីពង និងចូលរួមអភិរក្សបង្កើនពួជធាត្រីផងដែរ។ ម្យ៉ាងវិញទៀត ជណ្ដើរត្រីនេះ នឹងក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា។

ដោយមើលឃើញពីអត្ថប្រយោជន៍ និងភាពសំខាន់ នៃជណ្ដើរត្រីនេះ រដ្ឋលេខាធិការរូបនេះក៏បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់​ និងនេសាទ ក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា​ បាននិងកំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលនៅក្នុងតំបន់មេគង្គ។​ ការងារនេះនឹងចូលរួមការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។ លោកប្តេជ្ញាធ្វើការជាមួយដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ ដើម្បីរក្សាសេវាប្រព័ន្ធអេកូឡូស៊ីទន្លេសម្រាប់ប្រទេសជាតិ។

ទន្ទឹមនេះ​ លោក ឃុន សាវឿន ក៏បានអំពាវនាវឱ្យបញ្ឈប់ការនេសាទដោយឧបករណ៍ល្មើសទាំងឡាយ ដែលច្បាប់បានហាមឃាត់ ហើយចូលរួមអភិរក្សទាំងអស់គ្នា​ ដើម្បីឱ្យពួជត្រីមានការកើនឡើង ហើយត្រូវចាំថា​ យើងរស់ដោយសារត្រី ត្រីរស់ដើម្បីយើង៕

អត្ថបទ៖​ ប៊ុត សារុន