អ៊ីរ៉ង់ ទទួលស្គាល់ថា ខ្លួនជាអ្នកវាយប្រហារលើនាវាថៃ Mayuree Naree នៅច្រកសមុទ្រហ័រមូស ព្រោះនាវាទាំងនេះមិនស្តាប់តាមការព្រមាន
អ៊ីរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានទទួលស្គាល់ជាផ្លូវការនូវការវាយប្រហារលើនាវាដឹកទំនិញថៃ ម៉ាយូរី ណារី (Mayuree Naree) និងនាវា អ៊ិចប្រេសរ៉ូម (Express Rome) នៅឯច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ១១ ខែមីនា ដោយចោទប្រកាន់ថា នាវាទាំងនេះបានបំពានច្បាប់ធ្វើដំណើរ និងមិនព្រមស្តាប់តាមការព្រមានរបស់យោធាអ៊ីរ៉ង់ ។
ការវាយប្រហារលើនាវាថៃ បានបង្កឱ្យមានការខូចខាតយ៉ាងដំណំដល់ផ្នែកម៉ាស៊ីន និងបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះនៅលើនាវា។ ក្នុងប្រតិបត្តិការនេះ នាវិក ២០ នាក់ទទួលបានការជួយសង្គ្រោះដោយសុវត្ថិភាព ប៉ុន្តែនៅមាននាវិក ៣ នាក់ទៀតកំពុងបាត់ខ្លួន ។
យោធាអ៊ីរ៉ង់ បានប្រកាសគោលជំហរតឹងរ៉ឹងថា ខ្លួននឹងបន្តរារាំងមិនឱ្យមានការដឹកជញ្ជូនប្រេងកាត់តាមច្រកសមុទ្រហ័រមូសនោះឡើយ ព្រោះតែវាផ្ដល់ផលប្រយោជន៍ដល់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ហើយអ៊ីរ៉ង់ ចាត់ទុកនាវាទាំងឡាយណាដែលពាក់ព័ន្ធនឹងភាគីសត្រូវ ជាគោលដៅវាយប្រហារដែលមិនអាចលើកលែង ។
គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ មាននាវាដឹកទំនិញយ៉ាងហោចណាស់ ១៤ គ្រឿងហើយដែលទទួលរងការវាយប្រហារ។ ជុំវិញបញ្ហានៅពេលនេះ បានបង្កជាសម្ពាធយ៉ាងខ្លាំងដល់សន្តិសុខនាវាចរណ៍អន្តរជាតិ និងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោកធ្លាក់ចូលក្នុងហានិភ័យខ្ពស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand/ Iran Military | រូបភាព៖ Thai Enquirer/ Iran Military