ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ីរ៉ង់ជាច្រើននាក់ ជួបជុំគ្នាក្នុងទីក្រុងតេហ៍រ៉ង់ ដើម្បីបង្ហាញការគាំទ្រចំពោះមេដឹកនាំថ្មី និងការពារកិត្តិយសជាតិ

image

អ៊ីរ៉ង់៖ ប្រជាជនអ៊ីរ៉ង់ជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅឯទីលាន អេងហ្គែលែប (Enghelab) ក្នុងទីក្រុងតេហ៍រ៉ង់ ដើម្បីបង្ហាញនូវភាពស្មោះត្រង់ និងគាំទ្រមេដឹកនាំកំពូលថ្មី លោក អាយ៉ាតុលាហ៍ ម៉ុចតាបា ខាមីនី (Ayatollah Mojtaba Khamenei) ដែលគេចាត់ទុកថា ការជួបជុំនេះ ធ្វើឡើងដើម្បីផ្ដល់កិត្តិយសដល់ប្រទេសរបស់ពួកគេ បន្ទាប់ពីមានការតែងតាំងមេដឹកនាំថ្មីជំនួសឪពុករបស់លោក ។

ការជួបជុំនេះ ក៏ជាសារព្រមានដោយផ្ទាល់ទៅកាន់ប្រទេសមហាអំណាចផងដែរ ដោយក្នុងនោះ ប្រជាជនអ៊ីរ៉ង់ ចង់ផ្ញើសារថា ជោគវាសនា និងអ្នកដឹកនាំរបស់ពួកគេ គឺសម្រេចដោយពួកគេខ្លួនឯង មិនមែនក្រោមការបង្គាប់បញ្ជា ឬការយល់ព្រមពីបរទេសណាមួយឡើយ ។

អ្នកចូលរួមបានសម្តែងការជឿជាក់យ៉ាងមុតមាំថា លោក ម៉ុចតាបា ខាមីនី (Mojtaba Khamenei) នឹងបន្តផ្លូវរបស់ឪពុកលោកក្នុងការសងសឹកចំពោះការឈ្លានពានពីខាងក្រៅ។ ពួកគេបានប្រកាសគោលជំហរយ៉ាងតឹងរ៉ឹងក្នុងការប្រឆាំងនឹងអាម៉េរិក និងអ៊ីស្រាអ៊ែល ដើម្បីការពារបូរណភាពទឹកដី និងសាសនារបស់ខ្លួន ។

ព្រឹត្តិការណ៍នេះ ហាក់កំពុងតំណាងឱ្យក្តីសង្ឃឹមថ្មីសម្រាប់អនាគតរបស់អ៊ីរ៉ង់ ដែលប្រជាជនជឿថានឹងមានការរីកចម្រើន និងស្ថិរភាពជាងមុន។ ពួកគេចាត់ទុកមេដឹកនាំថ្មីថាជាអ្នកការពារបដិវត្តន៍អ៊ីរ៉ង់ និងជាអ្នកនាំផ្លូវដ៏មានសមត្ថភាពសម្រាប់យុវជនជំនាន់ក្រោយនៅក្នុងវិបត្តិសកលលោកបច្ចុប្បន្ន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ RT